(ភ្នំពេញ)៖ ខ្សែជីវិតពិតរបស់ជនជាតិបរទេសមួយគ្រួសារ ដែលបានសម្រេចចិត្តមករស់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ត្រូវបានចងក្រងឡើងជាភាពយន្តខ្នាតធំ មានចំណងជើងថា «កុំដេក» របស់ផលិតកម្ម Wonder film ហើយត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងវប្បធម៌, ផលិតករភាពយន្ត, សិល្បករ-សិល្បការិនីល្បីៗ តួសម្ដែងជាជនជាតិបរទេស ព្រមទាំងទស្សនិកជនជាច្រើននាក់។

ភាពយន្តខ្នាតធំរឿង «កុំដេក» បានឆ្លុះបញ្ចាំងពីអ្វីដែលគ្រួសាររបស់ជនជាតិបរទេសមួយគ្រួសារ បានជួបប្រទះអំឡុងពេលរស់នៅក្នុងប្រទេសកម្ពុជា ដោយបានឃើញនូវហេតុការណ៍អបីយ៍ជំនឿនានា ពាក់ព័ន្ធនឹងរឿងរ៉ាវខ្មោចព្រាយបិសាច ភាពភ័យរន្ធត់ ដែលជាជំនឿរបស់ដូនតាខ្មែរតាំងពីសម័យដើម ពោលគឺក្នុងឆ្នាំ១៩៦០ ខណៈដែលពេលនោះ គេមិននឹកស្មានថា នឹងមានហេតុការណ៍ចម្លែកៗកើតឡើងបែបនេះឡើយ លើគ្រួសាររបស់ខ្លួន។ ភាពយន្តរឿង «កុំដេក» ក៏បានបង្ហាញពីជំនឿនៃសាសនាព្រះពុទ្ធ និងសាសនាគ្រឹស្ដ នៅពេលដែលគ្រួសារជនជាតិបរទេសមួយនេះ ជួបនូវភាពភ្ញាក់ផ្អើលជាច្រើន ស្ទើរមិនគួរឲ្យជឿ។

ចាងហ្វាងផលិតកម្ម Wonder film លោក សែម វិសាល បានថ្លែងប្រាប់ឲ្យដឹងថា ភាពយន្តរឿង «កុំដេក» ក្រៅពីបានបង្ហាញនូវខ្សែជីវិតពិតរបស់ជនជាតិបរទេសមួយគ្រួសារ ដែលបានមករស់នៅក្នុងប្រទេសកម្ពុជា និងបានជួបរឿងរ៉ាវអភិនិហាជាច្រើនហើយនោះ ក្នុងរឿងក៏បានរំលេចនូវចំណុចទាក់ទាញជាច្រើន បង្ហាញពីការតស៊ូរបស់ស្ត្រីខ្មែរ ដែលហ៊ានលះបង់ជីវិតរស់នៅជាមួយនឹងប្ដីជាជនបរទេស និងបានបង្ហាញពីការលើកតម្កើងសាសនាព្រះពុទ្ធ ជាពិសេសជំនឿរបស់ដូនតាខ្មែរ។

លោក សែម វិសាល បានបន្ថែមឲ្យដឹងទៀតថា ថ្វីត្បិតតែភាពយន្តរឿង «កុំដេក» មានការចូលរួមសម្ដែងដោយជនជាតិបរទេសច្រើន ប៉ុន្តែក្នុងនោះក៏មានតារាសម្ដែងខ្មែរចូលរួមសម្ដែងដូចគ្នា ជាពិសេសការដឹកនាំសម្ដែង បច្ចេកទេសថត, ទីតាំងថត, ក្រុមការងារគ្រប់គ្រង និងសេណារិយោផ្សេងៗ គឺកូនខ្មែរយើងជាអ្នករៀបចំទាំងអស់។ ដូច្នេះសមិទ្ធផលដែលបានលេចចេញឡើង មានលក្ខណៈស្ដង់ដារអន្តរជាតិនេះ គឺជាស្នាដៃកូនខ្មែរសុទ្ធសាធ ទោះផ្សព្វផ្សាយដល់ទីណាក៏ដោយ ក៏ជាភាពយន្តខ្មែរខ្នាតអន្តរជាតិដែរ ជាពិសេសពេលចូលទៅកាន់ទីផ្សារអន្តរជាតិ។

លោកបន្តថា ភាពយន្ដនេះបានថតចប់តាំងពីឆ្នាំ២០២០ ប៉ុន្ដែត្រូវផ្អឹបទុកប្រហែល ៣ឆ្នាំ ដោយសាររកឱកាសចាក់បញ្ចាំងមិនទាន់បាន​ ព្រោះតែបញ្ហាជំងឺកូវីដ-១៩។ បើទោះបីជាស្ថិតនៅក្នុងដំណាល ដ៏លំបាកក្នុងការផលិតរឿង និងរកពេលបញ្ចេញរឿងតាមរោងនាពេលនោះមិនទាន់បានក្ដី ប៉ុន្ដែផលិតកម្មបានថតរឿងចប់រហូតដល់ទៅ៣រឿងឯណោះ ហើយទើបបញ្ចេញជាបន្ដបន្ទាប់ នៅក្នុងឆ្នាំ២០២៣ នេះ។

សូមបញ្ជាក់ថា ខ្សែភាពយន្ដរឿង «កុំដេក» នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តទៅ។ តាមរយៈ Poster និង Trailer ផ្លូវការដែលបានចេញនៅមុន និងក្នុងថ្ងៃសម្ពោធចាក់បញ្ចាំងជាផ្លូវការ នៅផ្សារទំនើប អ៊ីឌិនហ្គាឌិត បឹងកក់ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ក៏មានទស្សនិកជនជាច្រើនសម្ដែងការសប្បាយចិត្ត និងទន្ទឹងរង់ចាំទស្សនាខ្សែភាពយន្ដនេះ។ មហាជនដែលធ្លាប់បានទស្សនារឿងកន្លងៗមក ទទួលស្គាល់ថាស្នាដៃចេញពីផលិតកម្ម Wonder film ពិតជាល្អៗ ក្រោយជក់ចិត្ដតាមដានរឿបបែបភ័យរន្ធត់ស្រដៀងគ្នានេះចំនួន ២រឿងរួចមក។

ក្នុងឱកាសសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ដ រឿង «កុំដេក» គេឃើញមានវត្ដមានលោក ស៊ិន ចាន់ឆាយ៉ា, លោក ហ៊ុយ យ៉ាឡេង, លោក សែម វិសាល, លោក ឆាយ បូរ៉ា, កញ្ញា យ៉ែម ស្រីពេជ្រ, តារាសម្ដែងក្នុងរឿងជាជនបរទេស ព្រមទាំងសិល្បករ-សិល្បការិនីល្បីៗជាច្រើនដួងទៀត៕