(កូរ៉េ)៖ ភាគហ៊ុនរបស់ផលិតកម្ម YG Entertainment បានធ្លាក់ចុះជាង១៣ភាគរយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា សមាជិកមួយចំនួននៃក្រុមចម្រៀងនារី K-pop Blackpink មិនបន្តកុងត្រារបស់ពួកគេ ជាមួយផលិតកម្មនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits times នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
សមាជិកក្រុម Blackpink មួយចំនួនបានសម្រេចចិត្តចាកចេញពីផលិតកម្ម YG Entertainment។ នេះបើយោងតាមកាសែត The Daily Sports Seoul ដោយដកស្រង់សំដីពីបុគ្គលមិនស្គាល់អត្តសញ្ញាណ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Rose មានអាយុ ២៦ឆ្នាំ គឺជាសមាជិកតែមួយគត់នៃក្រុម ដែលបានបន្តកិច្ចសន្យារបស់នាងជាមួយទីភ្នាក់ងារនេះ។ ពាក្យចចាមអារ៉ាមនោះ បានបន្តផ្សាយថា Jisoo ដែលគ្រោងនឹងពង្រីកអាជីពសម្តែងរបស់នាង ហើយ Lisa ដែលជាតារាកំពូលនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ បានទទួលយកកិច្ចសន្យាផ្តាច់មុខ ដែលមានតម្លៃរាប់លានផ្សេងទៀត។ តែយ៉ាងណាជុំវិញការចុះផ្សាយនេះ ហាក់គ្មានប្រភពច្បាស់លាស់ និងរងការបដិសេធពីផលិតកម្ម YG ផងដែរ។
YG បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សាដើម្បីបន្តកិច្ចសន្យារបស់សមាជិកគឺនៅតែបន្ត ហើយគ្មានអ្វីត្រូវបានបញ្ជាក់ខុសពីនេះឡើយ។
គួរជម្រាបថា ក្រុមចម្រៀងនេះ បានចាប់ផ្ដើមដំណើរទេសចរណ៍ពិភពលោក Born Pink ក្នុងខែតុលា ឆ្នាំ២០២២ ដែលទើបតែបានបញ្ចប់ នៅប្រទេសកូរ៉េខាងត្បូងក្នុងខែកញ្ញា និងមានកម្មវិធីជាង ៦០ជុំវិញពិភពលោក ហើយរកចំណូលបានខ្ទង់ប្រមាណជា ២៦៥លានដុល្លារ៕