(ភ្នំពេញ)៖ នៅក្នុងវិស័យការងារ និយោជក និងកម្មករនិយោជិតទាំងអស់ដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពតាមបទបញ្ញត្តិដែលមានចែងក្នុងច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ និងបទបញ្ញត្តិពាក់ព័ន្ធនានា ។ ក្នុងនោះដែរ ទាក់ទងនឹងការឈប់សម្រាក កម្មករនិយោជិតមានសិទ្ធិក្នុងការឈប់សម្រាកប្រចាំសប្តាហ៍តាមការអនុញ្ញាតដោយច្បាប់ លើកលែងតែមានកត្តារាំងស្ទះមួយចំនួន ដែលអាចឱ្យកម្មករនិយោជិតព្យួរការឈប់សម្រាកប្រចាំសប្ដាហ៍របស់ខ្លួន ។ ជាការអនុវត្តជាក់ស្ដែងពាក់ព័ន្ធនឹងបញ្ហានេះ ចាំបាច់ណាស់ត្រូវតែធ្វើឡើងឱ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ដល់ផលប្រយោជន៍របស់និយោជក និងកម្មករនិយោជិត ។

ហេតុដូចនេះ ដើម្បីបង្ហាញឱ្យកាន់តែច្បាស់ថា តើអ្វីទៅជាការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍? ច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត បានកំណត់ដូចម្តេចខ្លះ សម្រាប់គ្រប់គ្រងលើការព្យួរការឈប់សម្រាករបស់កម្មករនិយោជិត?

សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍» មកធ្វើការបង្ហាញជូន ប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។

ការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍ ជាការខកខានពុំបានឈប់សម្រាកប្រចាំសប្តាហ៍ដោយមូលហេតុពិសេសណាមួយ ដែលពុំមែនជាការលើកថ្ងៃឈប់សម្រាកពីថ្ងៃអាទិត្យទៅថ្ងៃផ្សេងទេ ។ កម្មករនិយោជិតដែលខកខានឈប់សម្រាកប្រចាំសប្តាហ៍ ត្រូវតែទទួលបានការឈប់សម្រាកដោយការទូទាត់ក្នុងថិរវេលាស្មើគ្នាក្នុងសប្តាហ៍បន្ទាប់ពីនោះ ។

ក្នុងករណីនេះដែរ ប្រសិនបើម្ចាស់សហគ្រាស នាយកសហគ្រាស ឬអ្នកចាត់ការ ចង់ព្យួរការឈប់សម្រាកប្រចាំសប្តាហ៍របស់កម្មករនិយោជិត ត្រូវតែសុំសេចក្តីអនុញ្ញាតពីអធិការការងារនៅមុនចាប់ផ្ដើមធ្វើការដោយព្យួរការឈប់សម្រាកនេះ លើកលែងតែក្នុងករណីប្រធានសក្តិ ។ ម្ចាស់សហគ្រាសត្រូវបញ្ជាក់ទៅអធិការការងារ អំពីកាលៈទេសៈដែលតម្រូវឱ្យព្យួរការឈប់សម្រាកប្រចាំសប្តាហ៍ កាលបរិច្ឆេទ និងថិរវេលានៃការព្យួរ ចំនួនកម្មករនិយោជិតដែលត្រូវអាក់ខានឈប់ ព្រមទាំងបែបបទនៃការឱ្យឈប់សម្រាកដោយការទូទាត់ផងដែរ ។

ក្នុងករណី អធិការការងារមិនអនុញ្ញាតឱ្យព្យួរការឈប់សម្រាកប្រចាំសប្តាហ៍នោះ ត្រូវឱ្យដំណឹងជាលាយលក្ខណ៍អក្សរទៅនាយកសហគ្រាស ឬអ្នកចាត់ការ ក្នុងរយៈពេល ៤ (បួន) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ ។ ប្រសិនបើអធិការការងារមិនឱ្យដំណឹងក្នុងរយៈពេលកំណត់ទេ ត្រូវចាត់ទុកថា បានអនុញ្ញាតឱ្យព្យួរការឈប់សម្រាកប្រចាំសប្តាហ៍ហើយ ។

ជាទូទៅ យើងមើលឃើញសញ្ញាណនៃការព្យួរការឈប់សម្រាប់ប្រចាំសប្តាហ៍មានលក្ខណៈដូចខាងក្រោម៖

* ការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍តាមប្រភេទសហគ្រាស

ការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍នេះ ត្រូវបានយកទៅអនុវត្តចំពោះ គ្រឹះស្ថានពាណិជ្ជកម្មលក់រាយ (ថ្ងៃឈប់សម្រាកត្រូវចំលើថ្ងៃបុណ្យក្នុងស្រុក) និងរោងចក្រឧស្សាហកម្មមានសកម្មភាពតាមរដូវ ឬធ្វើគ្រឿងឧបភោគដែលអាចនឹងខូចបាន ឬឆាប់ខូច ដោយអាកាសធាតុមិនល្អ ។ ប៉ុន្តែប្រភេទសហគ្រាសណាដែលធ្វើការមិនកើតជាច្រើនថ្ងៃដោយសារអាកាសធាតុមិនល្អ ការឈប់ធ្វើការដោយបង្ខំនោះ អាចឱ្យបន្ថយការឈប់ប្រចាំសប្តាហ៍ចំនួន ២ (ពីរ) ថ្ងៃ ក្នុង ១ (មួយ) ខែ ដើម្បីជំនួសទូទាត់សងថ្ងៃឈប់ធ្វើការដោយបង្ខំនោះ ។

* ការព្យួរការឈប់សម្រាប់ប្រចាំសប្តាហ៍ដោយកិច្ចការប្រញាប់

ក្នុងករណីមានកិច្ចការប្រញាប់ដែលត្រូវធ្វើភ្លាមៗជាចាំបាច់ ដើម្បីចាត់វិធានការស្រោចស្រង់ ឬបង្ការគ្រោះថ្នាក់ដែលជិតមកដល់ ឬដើម្បីជួសជុលការខូចខាតសម្ភារៈឋបនភ័ណ្ឌ ឬអគារនៃគ្រឹះស្ថាន ការឱ្យសម្រាកប្រចាំសប្តាហ៍អាចព្យួរសិនបាន ចំពោះបុគ្គលិកចាំបាច់សម្រាប់ធ្វើកិច្ចការប្រញាប់នោះ ។ សិទ្ធិព្យួរការឈប់សម្រាក មិនត្រឹមតែអនុវត្តចំពោះកម្មករនិយោជិតនៃសហគ្រាសដែលមានការប្រញាប់ប៉ុណ្ណោះទេ តែថែមទាំងអនុវត្តចំពោះកម្មករនិយោជិតនៃសហគ្រាសផ្សេងទៀតដែលប្រកបការខាងជួសជុលជាប្រយោជន៍នៃសហគ្រាសនោះផងដែរ ។ ចំពោះសហគ្រាសទាំង ២ (ពីរ) ប្រភេទនេះ កម្មករនិយោជិតម្នាក់ៗត្រូវទទួលបានការឈប់សម្រាក ដើម្បីទូទាត់ស្មើគ្នានឹងពេលសម្រាកដែលត្រូវបានអាក់ខាន ។ ការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍ ដោយកិច្ចការប្រញាប់ មិនត្រូវអនុវត្តចំពោះក្មេងអាយុតិចជាង ១៨ (ដប់ប្រាំបី) ឆ្នាំ និងស្ត្រីទេ ។

សរុបសេចក្តីមក ការយល់ដឹងពីការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ដែលត្រូវទទួលបាននូវការទូទាត់ការឈប់សម្រាកប្រចាំសប្តាហ៍ដែលខ្លួនបានអាក់ខាន ។ មានន័យថា ក្រោយពីកម្មករនិយោជិតព្យួរការឈប់សម្រាកប្រចាំសប្តាហ៍ និយោជកត្រូវទូទាត់ការឈប់សម្រាកដែលអាក់ខាននោះឱ្យកម្មករនិយោជិតវិញ ក្នុងថិរវេលាស្មើគ្នា ។ ម៉្យាងវិញទៀត ទោះបីការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍ដោយសាររូបភាពណាមួយក៏ដោយ ក៏ច្បាប់បានផ្តល់សិទ្ធិឱ្យកម្មករនិយោជិតបានឈប់សម្រាកប្រចាំសប្តាហ៍ដែលខ្លួនអាក់ខានដែរ ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាន់ រតនា ជំនួយការមេធាវី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕