(សៀមរាប)៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។
មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា លោក ស៊យ សុភារិន្ទ បានឱ្យដឹងថា បច្ចុប្បន្នសម្រេចបានការងារជួសជុលពង្រឹងគ្រឹះជណ្តើរ និងគ្រឹះបង្គាន់ដៃនាគ ដែលស្រុតចុះដោយសារទឹកហូរច្រោះ។ ជាមួយគ្នានេះ ក្រុមការងារក៏បានកាយកំណកដី បើកប្រព័ន្ធផ្លូវរំដោះទឹកបុរាណឡើងវិញ ការពារកុំឱ្យទឹកជ្រាបចូលតាមមុខដំណថ្ម ដែលជាហេតុធ្វើឱ្យគ្រឹះចុះខ្សោយបន្តទៀត។
លោក សុភារិន បានបន្តថា ក្រោយពីជួសជុលពង្រឹងគ្រឹះរួចហើយ ក្រុមការងាររៀបចំដាក់ទ្រនាប់ជើងនាគ និងក្បាលនាគឡើងវិញ។ ដោយឡែក នៅក្នុងការងារនេះក៏ត្រូវរើបង្កាន់ដៃនាគប្រវែង១៥ម៉ែត្របន្ថែមទៀត៕