(បរទេស)៖ ទើបតែមានអាយុ ២១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ Billie Eilish ត្រូវបានគេកត់បញ្ចូលទៅក្នុងសៀវភៅដ៏ល្បី ដែលគេហៅថា Comic Book ដែលបានបោះពុម្ពរួចហើយ អំពីជីវិតរបស់នាង ដោយគូសបញ្ជាក់ពីដំណើរសិល្បៈរបស់នាង ពីអ្នករាំវ័យក្មេងទៅជាអ្នកនិពន្ធចម្រៀង ដែលឈ្នះពានរង្វាន់អូស្ការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។

អ្នកបោះពុម្ពផ្សាយ TidalWave Comics បានបញ្ចូលតារាប៉ុបអាមេរិក ទៅស៊េរីរបស់ខ្លួនក្នុងសៀវភៅ Comic Book ដែលមានចំណងជើងថា «ឥទ្ធិពលនារី» ដែលក្នុងនោះ គឺរួមបញ្ចូលទាំងនារីជាអ្នកនិពន្ធដ៏លេចធ្លោ និងមានឥទ្ធិពល, នាយកប្រតិបត្តិក្រុមហ៊ុន, អ្នកក្នុងវិស័យសិល្បៈកម្សាន្ត, អ្នកកាសែត អ្នកនយោបាយ និងសកម្មជន។

នៅក្នុងសៀវភៅនេះក្នុងទំព័រទី២២ អ្នកនឹងបានឃើញអំពីការផ្លាស់ប្តូររបស់ Eilish ពីអ្នករាំទៅជាអ្នកចម្រៀង និងអ្នកនិពន្ធ និងដំណើរការសហការជាមួយបងប្រុសរបស់នាង Finneas។ សៀវភៅនេះ នឹងចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ខាងមុខជាទម្រង់ឌីជីថល និងបោះពុម្ព៕