(ភ្នំពេញ)៖ តារា TikTok លោក Nook Nook ត្រូវបានមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាអប់រំ ជាវីដេអូសប្បុរសធម៌ ចែករំលែកទានដល់ចាស់ជរាមានការខ្វះខាត នៅលើបណ្តាញសង្គមដ៏ឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា។ រាល់វីដេអូរបស់លោក Nook Nook ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក តែងតែទទួលបានការស្ងើចសរសើរ និងការគាំទ្រមិនដាច់ឡើយ ព្រោះសុទ្ធសឹងតែជាមាតិកាមានប្រយោជន៍ ដល់សង្គម បង្កប់នូវអត្ថន័យអប់រំ សម្រាប់ក្មេងជំនាន់ក្រោយ
ជាក់ស្តែងហ្វេសប៊ុកផេករបស់ លោកNook Nook ដែលមានឈ្មោះថា Nook Nook idol មានអ្នកតាមដានរហូតដល់409k និងតិកតុកមានអ្នកតាមដាន 889.1K និងអ្នកចុចឡាយវីដេអូរហូតដល់ទៅ 14.4M ឯណោះ។
ថ្លែងប្រាប់ Fresh News Plus លោកNook Nook បានឲ្យដឹងថា ការមកធ្វើមាតិកាអប់រំ ចែករំលែកលើបណ្តាញសង្គម គឺជាចំណង់ចំណូលចិត្តរបស់លោក ជាពិសេសលោកចង់ផ្ងើសារទៅកាន់បងប្អូនចូលរួមសាងអំពើល្អជួយសង្គមឲ្យបានច្រើន អ្វីដែលពិសេសគីចាស់ជរា និងក្មេងកំព្រា។
លោក Nook Nook បានបន្ថែមថា «ខ្ញុំគ្រាន់តែធ្វើតាមបេះដូងខ្លួនឯង ធ្វើចេញពីចិត្ត ហើយចូលចិត្តចែករំលែកនូវមាតិកាដែលមានប្រយោជន៍ដល់សង្គមជាតិ និងអ្នកដែលកំពុងទស្សនាវីដេអូរបស់ខ្ញុំ។ ខ្ញុំពុំដែលប៉ងប្រាថ្នាចង់ល្បីអ្វីនោះទេ»។
ក្រៅពីនេះលោក Nook Nook គឺជាមនុស្សដែលចូលចិត្តចែករំលែកនូវក្ដីស្រលាញ់ នឹងការរាប់អាន និងសារលើកទឹកចិត្តដល់មហាជនតាមរយៈការបង្កើតនូវមាតិការអប់រំ មានខ្លឹមសារ មានប្រយោជន៍ដល់អ្នកទស្សនា សម្រាប់ការយកទៅអនុវត្តន៍តាម ឬត្រិះរិះពិចារណា។ មិនត្រឹមតែប៉ុណ្ណោះលោក Nook Nook ក៏បានបរិច្ចាគនូវថវិកា ផ្ទាល់ខ្លួន ជួយដល់កុមារកំព្រា និង មនុស្សចាស់ជរាផងដែរ៕