(បរទេស)៖ ស្ថាប័ន The Guinness World Records បានឲ្យដឹងនាពេលថ្មីៗនេះថា តារាប៉ុបអាមេរិកដែលល្បីល្បាញ វ័យ៦៥ឆ្នាំ Madonna នៅតែរក្សាបានកេរ្តិ៍ឈ្មោះ ឈរលើតំណែងកំពូលលក់ចម្រៀងបានច្រើនបំផុតគ្រប់ពេលវេលានាពេលបច្ចុប្បន្ននេះ។ ខណៈតំណែងកំពូលមួយនេះ Madonna ធ្លាប់កាន់កាប់តាំងពីឆ្នាំ២០០៩ មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straistimes នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍មួយ ដែលធ្វើឡើងនៅអំឡុងខែសីហា ឆ្នាំ២០២២ Madonna បាននិយាយថា លោកស្រីបានបំបែកកំណត់ត្រាលក់បានជាង៤០០លាន អាល់ប៊ុមចម្រៀង នៅក្នុងអាជីពសិល្បៈរបស់ខ្លួន ដែលមានរយៈពេលជាង៤០ឆ្នាំមកនេះ។ ងាកមក Guinness ក៏បាននិយាយផងដែរថា Madonna អាយុ៦៥ឆ្នាំ គឺជាសិល្បការិនី ដែលរកចំណូលបានខ្ពស់បំផុត ដោយបានរកប្រាក់ចំណូលបាន ១.៣៩ពាន់លានដុល្លារ ពីការប្រគំតន្ត្រីទេសចរណ៍របស់នាង គិតត្រឹមខែកក្កដា ឆ្នាំ២០២២។
គួរជម្រាបថា តារាចម្រៀងប៉ុបរូបនេះ បានចាប់ផ្ដើមធ្វើពិធីអបអរសាទរខួបលើក ទី ៤០ នៃកម្មវិធី «Celebration Tour» ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៤ ខែតុលា ខណៈការធ្វើកម្មវិធីនេះ គឺបន្ទាប់ពីលោកស្រី ទើបតែធូរស្បើយពីជំងឺ ក្រោយឆ្លងមេរោគ បាក់តេរីធ្ងន់ធ្ងរម្យ៉ាង ដែលតម្រូវឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ និងការពន្យារពេលការប្រគំតន្ត្រី៕