(សៀមរាប)៖ ក្រុមអ្នកជំនាញជិតបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលហើយ ពោលគឺនៅបង្ហើយតែការងារនៅសេសសល់មួយចំនួនទៀតប៉ុណ្ណោះ បើសិនមិនមានបញ្ហារាំងស្ទះណាមួយទេ កិច្ចការនេះនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ។
លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមអ្នកជំនាញ បានដំណើរការជួសជុលប្រាសាទតាព្រហ្មកិល ដោយចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០២៣មក។
បច្ចុប្បន្នកិច្ចការងារនេះ សម្រេចលទ្ធផលបានប្រមាណ៧០ភាគរយ គ្រោងនិងបញ្ចប់គម្រោងជួសជុលនាចុងឆ្នាំ២០២៣ខាងមុខ។
លោកបន្តថា ប្រាសាទព្រហ្មកិលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដីនៅរាយប៉ាយ ហើយតួប៉មកណ្តាលបានបាក់រលុះអស់មួយចំហៀងនៅជ្រុងខាងត្បូង និងខាងលិច។ ដោយឡែក ដំណើរការជួសជុលវិញបានបែងចែកជាបីដំណាក់កាល រួមមាន៖ ជួសជុលខឿន ជញ្ជាំង និងកំពូលនៃប្រាសាទ។ ខណៈការជួសជុលផ្នែកខឿន និងជញ្ជាំងបានរួចរាល់ហើយ នៅសល់តែការជួសជុលរួតទាំង៥នៃកំពូលប្រាសាទប៉ុណ្ណោះ។
លោក ម៉ៅ សុខនី បានបញ្ជាក់ទៀតថា ការងារបន្ទាប់ក្រោយបញ្ចប់ ការជួសជុលតួប៉មនៃប្រាសាទតាព្រហ្មកិលហើយ ក្រុមអ្នកជំនាញគ្រោងរៀបចំកែសម្រួលនៅចំណុចខ្លោងទ្វារច្រកចូលនៃប្រាសាទឱ្យមានភាពរឹងមាំឡើងវិញ។
សូមជម្រាបថា ប្រាសាទតាព្រហ្មកិលមានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ ប្រាសាទនេះមានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត៕