(បរទេស)៖ ប្រភពពីអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា សា្មតហ្វូនម៉ូដែល iPhone 17 នឹងត្រូវបានផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា ជាមួយនឹងការផ្លាស់ប្តូរផលិតកម្ម iPhone រហូតដល់ទៅ ២៥ភាគរយឯណោះ ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
នេះជាលើកទី១ ហើយដែលទទួលបានរបាយការណ៍មកថា Apple នឹងផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម iPhone 17 របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាអ្នកទទួលខុសត្រូវក្នុងការផលិតផ្តាច់មុខនោះ។ ដោយកន្លងមក Apple ធ្លាប់តែជូនដំណឹងអំពីការដំឡើង និងផលិតនៅទីតាំងគោលដៅមួយចំនួនដូចជា ឥណ្ឌា និងវៀតណាម តែយ៉ាងណាចំពោះការផលិតក៏នៅតែត្រូវបានរៀបចំភាគច្រើនចេញពីរោងចក្រដ៏ធំរបស់ Apple ក្នុងប្រទេសចិនដដែល។
ទាក់ទងនឹងបញ្ហានេះ មានហេតុផលមួយចំនួនដែលត្រូវបានគេរំពឹងថា Apple អាចនឹងពិចារណាផ្លាស់ប្តូរផលិតកម្ម iPhone របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាពិតមែន។ ហេតុផលទីមួយនោះគឺ ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏ធំ និងរីកចម្រើនសម្រាប់ស្មាតហ្វូន។ ទីពីរ រដ្ឋាភិបាលឥណ្ឌាបាននិងកំពុងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុននានាក្នុងការផលិតនៅក្នុងប្រទេស។ ទីបីនោះគឺ ក្រុមហ៊ុន Apple កំពុងស្វែងរកទីតាំងដ៏មានសក្តានុពលដើម្បីធ្វើការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដែលបច្ចុប្បន្នកំពុងប្រមូលផ្តុំយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ខណៈដែលអាមេរិក និងចិនកំពុងបន្តសង្គ្រាមពាណិជ្ជកម្មរវាងគ្នានឹងគ្នាឥតឈប់ឈរ។
គួរជម្រាបដែរថា Apple នឹងចាប់ផ្តើមផលិតកម្ម iPhone 17 ក្នុងប្រទេសឥណ្ឌានៅអំឡុងត្រីមាសទី២ នៃឆ្នាំ២០២៤ ខាងមុខនេះតែម្តង។ ប្រសិនបើ Apple ទៅផលិត iPhone 17 ផ្តាច់មុខនៅឥណ្ឌាដូចការលើកឡើងរបស់លោក Kou ពិតមែននោះ វានឹងក្លាយជាការជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចឥណ្ឌា ក៏ដូចជាការបង្កើនការងារដល់ប្រជាជនជាច្រើនផងដែរ៕