(ភ្នំពេញ)៖ សណ្ឋាគារ លំដាប់ផ្កាយ៥ ថ្មីមួយទៀត ម៉ារីត ភ្នំពេញ (Marriott Phnom Penh) និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ បានបើកការដ្ឋានបុកគ្រឹះសាងសង់ហើយ កាលពីព្រឹកថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឧកញ៉ា លាង ហ៊ី និងលោកស្រី ហេង សុកគៀង អគ្គនាយកក្រុមហ៊ុន ឃូ ថៅអឺរ (Khou Tower) ព្រមទាំងមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, លោ ក លោកស្រី ព្រមទាំងបងប្អូនសាច់ញាតិ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត យ៉ាងច្រើនកុះករ ។
ពិធីដ៏ឱឡារិកនេះ បានរៀបចំឡើងតាមលំនាំប្រពៃណីទំនៀមទម្លាប់ និងដំណាក់កាលសំខាន់ៗដូចជា៖ ពិធីក្រុងពាលី ពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខសេចក្តីចម្រើន តាមបែបប្រពៃណីសាសនា និងត្រូវបាននិមន្តប្រោះព្រំរណ្តៅគ្រឹះដោយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
លោកឧកញ៉ា លាង ហ៊ី ដែលជាម្ចាស់គម្រោង អគារ ឃូ ថៅអឺរ (KHOU TOWER) បានបញ្ជាក់ថា សណ្ឋាគារលំដាប់ផ្កាយ៥ ជាង២០០បន្ទប់ ដ៏ទំនើបមានឈ្មោះ ម៉ារីត ភ្នំពេញ (Marriott Phnom Penh) រួមបញ្ចូលនូវ អគារពាណិជ្ជកម្មពហុបំណង សាលសន្និសិទ្ធធំទូលាយ ក្លឹបហាត់ប្រាណ ស្ប៉ា ភោជនីយ៏ដ្ឋានប្រណិតសំបូរបែប ចំណតរថយន្ត ជាង២០០ កន្លែង និង ចំណតម៉ូតូជាង៤០០កន្លែង។
ជាមួយគ្នា គម្រោងនេះក៏រួមបញ្ចូលផងដែរនូវមជ្ឈមណ្ឌលការិយាល័យកម្រិត A និងកន្លែងជួល ធនាគារជាន់ផ្ទាល់ដី។ សំណង់អាគារកំពស់រហូតដល់ជាង១៦០ ម៉ែត្រ ស្ថិតនៅលើដីឡូលេខ៥៤ មហាវិថីព្រះមុនីវង្ស កែងផ្លូវ៨៨ និង៧៥ សង្កាត់ស្រះចក ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ នឹងបានចូលរួមចំណែកអភិវឌ្ឍជាតិ ផ្ដល់ការងារនិងអភិវឌ្ឍធនធានមនុស្ស ដែលស្របជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល ថ្មី។
សូមបញ្ជាក់ផងដែរថា សណ្ឋាគារលំដាប់ផ្កាយ៥ អន្តជាតិ Marriott International Hotel ជាគម្រោងសណ្ឋាគារទី២ ហើយដែលបាននឹងសាងសង់បន្ទាប់ពីជោគជ័យ លើវិស័យសណ្ឋាគារទី១ ដែលមានឈ្មោះថា ខតយ៉ាត បាយ ម៉ារីត (Courtyard by Marriott) ក្រៅពីអាជីវកម្មសណ្ឋាគារ លោកឧកញ៉ា លាង ហ៊ី ក៏មានគម្រោងផ្សេងទៀតផងដែរ ដូចជា មជ្ឈមណ្ឌលការិយាល័យ និងបុរីLHL។
បន្ថែមពីនេះទៀត តាមរយះបទពិសោធន៏ខាងលើ លោកឧកញ៉ាជឿជាក់ថា គម្រោងមួយនេះនឹងទទួលបានជោគជ័យ រួមចំណែកអភិវឌ្ឍជាតិតាមរយះឱកាសការងារច្រើនកន្លែង ពិសេសលើកមុខមាត់សេដ្ឋកិច្ច និងកេរ្ត៏ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ៕