(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសំដែងការពេញចិត្តជាមួយថ្នាក់ដឹកនាំកីឡាតេក្វាន់ដូ ITF ក្នុងការបន្តគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម ហ៊ុន ម៉ានី ជារៀងរាល់ឆ្នាំទៀត បន្ទាប់ពីការរៀបចំលើកទី១ នេះទទួលបានភាពជោគជ័យក្នុងរយៈពេល ៣ថ្ងៃ នាឆ្នាំ២០២៣នេះ។

ក្នុងការប្រកួតរយៈពេល ៣ថ្ងៃនោះដែរ ឃើញថា ក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ឈរនៅលេខ១ នៃតារាងចំណាត់ថ្នាក់មេដាយ ក្នុងការប្រកួតតេក្វាន់ដូ ITF ពានរង្វាន់ ឯកត្តម ហ៊ុន ម៉ានី ឆ្នាំ២០២៣ ដែលទើបបញ្ចប់នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ក្រោយដំណើរការប្រកួតអស់រយៈពេល ៣ថ្ងៃ។

ការប្រកួតតេក្វាន់ដូ ITF ប្រចាំឆ្នាំនេះដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសាលនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដោយមាន ១៨ក្លិបចូលរួមនៅទូទាំងរាជធានី-ខេត្ត ដោយមានកីឡាករ-កីឡាការិនីសរុបចំនួន ២១៤នាក់ចូលរួមក្នុងការប្រកួតបានកំណត់អាយុ ១៣-១៨ឆ្នាំ និងពេញវ័យចាប់ពី ១៨ឆ្នាំឡើងទៅផងដែរ។

ការប្រកួតនេះដែរ គឺដើម្បីផ្តល់លទ្ធភាពក្នុងការប្រកួតប្រជែងដណ្តើមមេដាយ ដោយឈរលើគោលការណ៍តម្លាភាព ក៏ដូចជាការបើកឱកាសឱ្យកីឡាករ-កីឡាការិនី ជំនាន់ក្រោយបានប្រកួតប្រជែងដណ្តើមមេដាយជូនសមាគម អង្គភាព និងក្លិបផងដែរ។

លើសពីនេះទៀត ក្រោយបញ្ចប់ការប្រកួត សហព័ន្ធបានសំរិតសំរាំងកីឡាករ-កីឡាការិនី ដែលមានបច្ចេកទេសខ្ពស់ មានទេពកោសល្យ និងសមត្ថភាព មានស្មារតីអង់អាចក្លាហាន ដើម្បីយកទៅចូលរួមប្រកួតប្រជែងនានា ក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ពិសេសធនធានកីឡាករ-កីឡាការិនីថ្មីៗ ដែលសហព័ន្ធបានកត់ចំណាំ និងត្រៀមកោះហៅមកធ្វើការប្រកួតដណ្តើមកៅអីសម្រាប់ការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០២៤ ក៏ដូចជាការត្រៀមបញ្ជូនទៅចូលរួមប្រកួតកីឡាតេក្វាន់-ដូ ជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា នាឆ្នាំ២០២៤ ដែរ។

ថ្លែងក្នុងពិធីបិទការប្រកួត លោក កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF បានថ្លែងថា «តាងនាមឱ្យសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សូមថ្លែងអំណរគុណ និងអរគុណជូនចំពោះ លោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធតេក្វាន់ដូ ITF និងជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល ឧបត្ថម្ភកម្មវិធីប្រកួតរយៈពេល៣ថ្ងៃនេះ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានអនុញ្ញាតឱ្យយើងខ្ញុំប្រើឈ្មោះរបស់ ឯកឧត្តម ក្នុងការប្រកួតជើងឯកពានរង្វាន់នេះ ក៏ដូចជាការផ្តល់ឱកាសដ៏ខ្ពង់ខ្ពស់ ក្នុងការចូលរួមក្នុងពិធីបិទការការប្រកួតនេះផងដែរ»

ជាទីបញ្ចប់ លោកក៏បានប្រសិទ្ធពរជូន ឯកឧត្តម អធិបតី គណៈអធិបតី លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស និងកីឡាករ-កីឡាការិនីទាំងអស់ទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃា្លតឡើយ៕

ខាងក្រោមនេះជាលទ្ធផលតារាងមេដាយការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣៖