(អ៊ីស្តង់ប៊ុល)៖ អតីតខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Mario Balotelli កំពុងស្ថិតក្នុង ស្ថានភាពសុខភាពល្អទេ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរបស់លោក។ នេះបើតាមក្លិបតួកគីដែលលោកកំពុងលេង Adana Demirspor ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
សារព័ត៌មាន Giornale di Brescia បានចុះផ្សាយថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅទីក្រុង Brescia ប្រទេសអ៊ីតាលី ជាទីកន្លែងកំណើតរបស់ Balotelli កាលពីថ្ងៃពុធកន្លងទៅ នៅពេលលោកបានបើកបុករនាំងចែកទ្រូងផ្លូវ។
មិនមានអ្នកណាផ្សេងទៀត ស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់នេះនោះទេ ហើយកីឡាករវ័យ ៣៣ឆ្នាំនេះ អាចដើរចេញពីរថយន្តខ្លួនឯងបាន ដែលរថយន្តនោះបានខូចខាតធ្ងន់ធ្ងរ។
«យើងចង់បញ្ជាក់ថា កីឡាកររបស់យើង Mario Balotelli ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃពុធ នៅប្រទេសរបស់គាត់នោះ (អ៊ីតាលី) ពុំមានរងរបួសអ្វីទេ ហើយកំពុងសម្រាកនៅផ្ទះរបស់គាត់ ដោយពុំមានបញ្ហាសុខភាពអ្វីដែរ»។ នេះបើតាមក្លិបលេងនៅលីគកំពូលតួកគី Super Lig បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍៕