(បរទេស)៖ កម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាលើការស្នើសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយដើរតាមគន្លងរបស់ Meta (ក្រុមហ៊ុនមេរបស់ Facebook) ដែលទទួលបានអាជ្ញាប័ណ្ណកាលពីខែកក្កដា កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

អំឡុងខែកញ្ញា ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាការឆ្លើយតបទៅនឹងហានិភ័យកំពុងកើតមានឡើង និងការពារអ្នកប្រើប្រាស់ ក៏ដូចលើកម្ពស់ការប្រកួតប្រជែងដោយសីលធម៌។ ខណៈការហាមប្រាមនេះបានជះឥទ្ធិពលដល់ TikTok ជាខ្លាំងដែលកំពុងវិនិយោគយ៉ាងច្រើននៅក្នុងអាជីវកម្មអេឡិចត្រូនិចរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។

យ៉ាងណាមិញជុំវិញការស្នើសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) នេះនៅមិនទាន់មានឆ្លើយតបណាមួយពីរដ្ឋាភិបាលឥណ្ឌូនេស៊ីនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេរំពឹង TikTok អាចនឹងវិលមកដូចកាលពីមុនវិញប្រសិនបើគោរពតាមគោលការណ៍ឥណ្ឌូនេស៊ី។ បន្ថែមពីលើការស្នើសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិក TikTok ក៏កំពុងស្វែងរកភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា Tokopedia និង Shopee ផងដែរ។

គួរជម្រាបដែរថា TikTok គឺជាកម្មវិធីបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន ByteDance ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ១២៥លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៃប្រជាជនសរុបប្រមាណ ២៧០លាននាក់៕