(ឡុងដ៍)៖ ខ្សែបម្រើក្លិប Tottenham Hotspur កីឡាករ Rodrigo Bentancur នឹងត្រូវអវត្តមាន យ៉ាងហោចណាស់ ១០សប្តាហ៍ ដោយសាររបួសសរសៃចងកជើង។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

កីឡាករសញ្ជាតិអ៊ុយរូហ្គាយ វ័យ ២៦ឆ្នាំរូបនេះ បានចាប់ផ្តើមការប្រកួតលើកដំបូងរបស់លោក ចាប់តាំងពីវិលត្រឡប់ពីជាពីរបួសសរសៃចងជង្គង់ខាងមុខ (ACL) នៅក្នុងការប្រកួតបរាជ័យ ១-២ របស់ក្លិប Spurs ក្រោមថ្វីជើង Aston Villa កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែកីឡាករសំខាន់រូបនេះ បានបង្ខំឱ្យចាកចេញពីទីលានប្រកួត ក្នុងតង់ទី១ បន្ទាប់ពីធ្វើឱ្យរងរបួសដោយខ្សែការពារស្តាំ Villa កីឡាករ Matty Cash។

វាជាបញ្ហារបួសខ្លាំងមួយសម្រាប់កីឡាករ Bentancur ដែលធ្លាប់ខកខានការប្រកួតជិត៨ខែ ជាមួយនឹងបញ្ហារបួសមុនរបស់លោក ហើយប្រភពជាច្រើនបានលើកឡើងថា លោកត្រូវបានគេរំពឹងថា នឹងអវត្តមានពីការប្រកួតរហូតដល់ខែកុម្ភៈ ឆ្នាំក្រោយ។

ការរបួសនេះបានដាក់បន្ទុកបន្ថែមទៀត ចំពោះក្លិប Spurs ដែលដឹកនាំដោយលោក Ange Postecoglou ខណៈកីឡាករដទៃទៀតដូចជា James Maddison, Mickey van de Ven, Richarlison និងកីឡាករ Pape Matar Sarr កំពុងស្ថិតក្នុងការព្យាបាលរបួសផងដែរ៕