(សេអ៊ូល)៖ ខ្សែប្រយុទ្ធក្លិប Norwich City កីឡាករ Hwang Ui-jo ត្រូវបានដកបញ្ឈរជើងបណ្តោះអាសន្ន ដោយប្រទេសកូរ៉េខាងត្បូង រង់ចាំការស៊ើបអង្កេតពីប៉ូលិស ដោយមានការអះអាងថា លោកបានថតដោយខុសច្បាប់ លើអតីតដៃគូរបស់លោក ដោយគ្មានការព្រមព្រៀង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធរូបនេះបានរងការចោទប្រកាន់ថា បានថតពេលរួមភេទ ដោយគ្មានការព្រមព្រៀងគ្នា ជាមួយនឹងអតីតមិត្តស្រីរបស់លោក តាមរយៈទូរសព្ទដៃ និងបានចែករំលែកលើប្រព័ន្ធសង្គម។

Hwang ដែលបានលេងឱ្យក្លិប Norwich ពេលប៉ះ Watford កាលពីថ្ងៃអង្គារ និងបានរកគ្រាប់បាល់ ១គ្រាប់ ក្នុងការប្រកួតចាញ់ ២-៣ របស់ពួកគេនោះ បានបដិសេធចំពោះការចោទប្រកាន់នេះ។

ខ្សែប្រយុទ្ធ Hwang កំពុងលេងខ្ចីជើង ១រដូវកាលនៅក្លិប Nowich ដោយផ្ទេរមកពីក្លិប Nottingham Forest លេងនៅលីគ Premier League។

លោកបានលេងឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងការប្រកួតជម្រុះ World Cup ចំនួន ២លើកក្នុងខែនេះ និងរកបាន ១គ្រាប់ផងដែរ ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតទល់នឹងសិង្ហបុរី ហើយត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងក្រុមជម្រើសជាតិ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ Asia Cup នៅខែមករា ឆ្នាំក្រោយ។ ប៉ុន្តែគណៈកម្មាធិការសីលធម៌ របស់សមាគមបាល់ទាត់កូរ៉េ បានព្យួរលោកនៅថ្ងៃអង្គារ ដោយរង់ចាំការស៊ើបអង្កេតពីប៉ូលិសសិន៕