(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួបក្រុម Dynamic Herb Cebu FC របស់ហ្វីលីពីននាម៉ោង ៧យប់ថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្នុងជំនួបជើងទី២ នៃពានរង្វាន់ AFC Cup 2023/24 ពូល F បន្ទាប់ពីយកឈ្នះក្រៅដី ៣-០ កាលពីជើងទី១ កន្លងទៅ។

នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមសិង្ហក្រហម ក្នុងការប្រជែង ៣ពិន្ទុបន្ថែម ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដនៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ខណៈលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ក៏ដូចជាក្រុមបានទន្ទឹងរង់ចាំការប្រកួតនេះ និងបានដាក់គោលដៅលេងដាក់សម្ពាធលើដៃគូ ដើម្បីរក្សាលទ្ធផលល្អប្រសើរ ដូចកាលពីជើងទី១ ផងដែរ។

លោក Oleg បន្ដថា «ការប្រកួត AFC Cup តែងតែធ្វើឪ្យយើងមានអារម្មណ៍ពិសេស ហើយយើងពិតជារង់ចាំការប្រកួតនេះ។ យើងធ្វើបានយ៉ាងល្អក្នុងការប្រកួតជាមួយពួកគេ (Cebu FC) នៅហ្វីលីពីន ដោយឈ្នះ ៣-០។ សម្រាប់ពេលនេះអ្វីដែលសំខាន់គឺការយកឪ្យបាន ៣ពិន្ទុបន្ថែមទៀត។ ការរំពឹងទុករបស់យើងគឺយកឈ្នះការប្រកួត ព្រោះនេះជារឿងធម្មតាដែលយើងត្រូវមានការរំពឹងទុកខ្ពស់»

គ្រូបង្វឹកជនជាតិអ៊ុយក្រែនដដែល បានបង្ហាញនូវភាពជឿជាក់ជុំវិញការប្រកួតក្នុងដីនេះទៀតថា «យើងតែងតែមានអារម្មណ៍ល្អក្នុងការលេងក្នុងដី ព្រោះពេលដែលយើងលេងក្រៅទឹកដីយើងមានពេលតិចតួចក្នុងការរៀបចំក្រុម និងរក្សាកាយសម្បទាររបស់យើង។ យើងនឹងព្យាយាមលេងដោយទំនុកចិត្ត និងលេងបាល់ទាត់ដែលល្អ។ យើងនឹងព្យាយាមដាក់សម្ពាធពួកគេ បង្កើតឱកាសឲ្យបានច្រើនក្នុងការលេង»

ចំណែកលោក Joshua Schirmer គ្រូបង្វឹកក្រុម Cebu FC បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន។ លោកទទួលស្គាល់ក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យនេះ ពិតជាធ្វើបានល្អ កាលពីជើងទី១ តែជើងទី២ លោកនឹងមិនឲ្យភ្លាត់ទៀតនោះទេ ពោលគឺ Cebu FC បានត្រៀមកាត់ផ្ដាច់ប្រព័ន្ធលេងរបស់កីឡាករសំខាន់ៗមួយចំនួន ដូចជាខ្សែប្រយុទ្ធជប៉ុន Shimizu Shintaro ជាដើម។

សូមបញ្ជាក់ថា នេះគឺជាការប្រកួតទី៥ ក្នុងពូល F គ្រាដែលបច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខ២ និងមាន ៩ពិន្ទុស្មើក្រុមកំពូលតារាង Macarthur FC របស់អូស្ដ្រាលី។ បន្ទាប់ពីបើកទ្វារផ្ទះទទួលក្រុម Cebu FC ភ្នំពេញក្រោន នឹងត្រូវហោះទៅមីយ៉ាន់ម៉ា ដើម្បីប្រកួតបញ្ចប់ពូលជាមួយក្រុម Shan United នាថ្ងៃទី១៤ ខែធ្នូខាងមុខ។ ២ប្រកួតចុងក្រោយនេះ ពិតជាសំខាន់ណាស់ សម្រាប់ភ្នំពេញក្រោន ដែលត្រូវការជ័យជម្នះ ដើម្បីមានឱកាសឡើងទៅវគ្គបន្ដ៕