(បរទេស)៖ ថ្មីៗនេះប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Realme បានបង្ហោះរូបភាព Teaser មួយនៅលើ Weibo ដែលជាការបង្ហាញពីអេក្រង់កំពូលស្មាតហ្វូន Realme GT5 Pro ជាលើកដំបូងជាមួយនឹងការរំលេចនូវគេមសងខាងស្មាតហ្វូនស្តើង មើលទៅទាន់សម័យ និងមានលក្ខណៈរលោងបំផុត។ ខណៈស្មាតហ្វូនម៉ូដែលនេះត្រូវបាន Realme ធ្វើការប្រៀបធៀបជាមួយ iPhone 15 Pro Max ថាមានអេក្រង់កម្រិតពន្លឺភ្លឺខ្លាំងជាងរហូតដល់ 3,000nits ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ផ្អែកលើរបាយការណ៍ចេញផ្សាយពីមុនបានឱ្យដឹងថា អេក្រង់របស់ GT5 Pro នឹងបំពាក់ដោយប្រភេទអេក្រង់ OLED ទំហំ ៦.៧៨ អ៊ីញ ជាមួយនឹងអត្រា refresh rate 144Hz និងកម្រិតភាពច្បាស់រហូតដល់ 1220p ឯណោះ។ លើសពីនេះទៅទៀត GT5 Pro ក៏ត្រូវបានគេរំពឹងថា ទំនងជានឹងមកជាមួយនឹងបន្ទះអេក្រង់កោងនៅសងខាង បើទោះបីជារូបភាព Teaser នោះមិនបញ្ជាក់លម្អិតក៏ដោយ។

គួរជម្រាបដែរថា Realme GT5 Pro ត្រូវបានគេរំពឹងថានឹងដាក់បង្ហាញនៅថ្ងៃទី០៧ ខែធ្នូ ខាងមុខនេះ ហើយគេអាចរំពឹងថានឹងមានវីដេអូខ្លីៗ និងការលេចធ្លាយបន្ថែមទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ៕