(ឡុងដ៏)៖ ក្រុមកាំភ្លើងធំ Arsenal បានឈានទៅលេងវគ្គចែកពូល ១៦ក្រុមពានរង្វាន់លីគអឺរ៉ុប UEFA Champions League រដូវកាលនេះ បន្ទាប់ពីធ្វើបានយ៉ាងល្អតាមរយៈបំបាក់ក្រុម Lens ៦-០ ក្នុងទឹកដីកីឡដ្ឋាន Emirates ចេញពីវគ្គជម្រុះក្នុងពូល B។

៦គ្រាប់របស់ Arsenal ធ្វើបានដោយកីឡាករ Kai Havertz, Gabriel Jesus, Bukayo Saka, Gabriel Martinelli, Maritn Odegaard និង Jorginho ក្រោមការដឹកនាំដោយលោក Mikel Arteta ក្លិបនេះរកបាន ១២ពិន្ទុឈរកំពូលតារាងពូល B ដែលមានក្រុម PSV Eindhoven ឈរលេខ២ កំពុងមាន ៨ពិន្ទុ ហើយត្រូវការឈ្នះដាច់ខាតនៅ ១ប្រកួតចុងក្រោយជាមួយ Arsenal ក្នុងការរក្សាតំណែងលេខ២ ក្នុងពូល។

ខណៈក្រុម Lens ត្រូវប៉ះ Sevilla ក្នុងប្រកួតចុងក្រោយដែលសុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីមានឱកាសលេងពានលំដាប់ទី២ Europa League ដ្បិតក្រុមអេស្ប៉ាញ Sevilla ឈរបាតតារាងមានតែ ២ពិន្ទុ ហើយក្រុម Lens កំពុងមាន ៥ពិន្ទុឈរលេខ៣។

តាមរយៈលទ្ធផលនេះមានន័យថា ក្រុមកាំភ្លើងធំ Arsenal ក្លាយជាក្រុមអង់គ្លេសទី២ បន្ទាប់ពីក្រុមការពារតំណែងជើងឯក Manchester City ដែលបានឈានទៅលេងវគ្គចែកពូល ១៦ក្រុមរដូវកាលនេះ ខណៈដែលក្រុម Manchester United និង Newcastle United កំពុងត្រូវការឈ្នះនៅ ១ប្រកួតចុងក្រោយរបស់ពួកគេ ដើម្បីមានឱកាសឈរជើងលេងពាន UCL រឺ Europa League រដូវកាលនេះ៕