(ភ្នំពេញ)៖ បណ្ដាប្រទេសអាស៊ី បានសម្ដែងការភ្ញាក់ផ្អើលខ្លាំង ចំពោះក្រុមកីឡាហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា បន្ទាប់ពីដណ្ដើមបានមេដាយច្រើន សម្រាប់ការបង្ហាញខ្លួនលើកដំបូង នៅការប្រកួតកីឡាហែលទឹកពាក់ជើងទាអាស៊ី លើកទី១៨ (18th Asian Finswimming championships) ឆ្នាំ២០២៣ នៅខេត្តភូកេត ប្រទេសថៃ កាលពីថ្មីៗ ។ នេះបើតាមការបញ្ជាក់របស់លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍។

លោកថា ក្នុងចំណោមអត្តពលិក ១៧ប្រទេស ដែលចូលរួមប្រកួតជើងឯកអាស៊ីខាងលើ កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៦ ដោយដណ្ដើមបានមេដាយមាស ២ (ស្មើម្ចាស់ផ្ទះថៃ) មេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ២ ។ លទ្ធផលនេះ ត្រូវបានចាត់ទុកជាលទ្ធផលដ៏ល្អមួយ សម្រាប់កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលទើបកកើតថ្មី តែបានទទួលជោគជ័យជាបន្ដបន្ទាប់ ពិសេសការឈានដល់គោលដៅថ្មី នៃការឈ្នះមេដាយកម្រិតអាស៊ី បន្ទាប់ពីកីឡាហែលទឹកពាក់ជើងទាកម្ពុជា ដណ្ដើមបានជោគជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ។

អគ្គលេខាធិការដដែលបន្ដថា «នេះគឺជាមោទនភាពមែនទែន ដែលយើងឈរចំណាត់ថ្នាក់លេខ៦ គឺយើងមិននឹកស្មានដល់ទេ ។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធ និងការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដើម្បីទទួលបានជោគជ័យជូនជាតិ ។ ការប្រកួតនេះ យើងបានទទួលការកោតសរសើរពីបណ្ដាប្រទេសចូលរួម ទោះបីយើងទើបចូលរួមលើកទី១ តែកម្ពុជាដណ្ដើមបានមេដាយច្រើនគួរសម ដែលបណ្ដាប្រទេសមួយចំនួន មិននឹកស្មានកម្ពុជាអាចធ្វើបានដល់កម្រិតនេះ»។

ជាមួយការបង្ហាញខ្លួនលើកដំបូង ក្នុងជើងឯកកីឡាហែលទឹកពាក់ជើងឯកអាស៊ីនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ៤រូបចូលរួម។ ជាលទ្ធផលកីឡាការិនី កាំង មុយនីន ដណ្ដើមបានមេដាយមាស ២ និងប្រាក់ ១ និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ដណ្ដើមបានមេដាយសំរឹទ្ធ ២ ឈរលេចំណាត់ថ្នាក់លេខ៦ ក្នុងតារាងមេដាយ បន្ទាប់ពីម្ចាស់ផ្ទះថៃ ដែលឈ្នះមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធ ៩ ។ រីឯវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៤៥គ្រឿង (មាស ១៨ ប្រាក់ ១៤ និងសំរឹទ្ធ ១៣), កូរ៉េ ឈរលេខ២ ឈ្នះមេដាយមាស ១៤ ប្រាក់ ១៥ និងសំរឹទ្ធ ១៥ និងចិន ឈរលេខ៣ ឈ្នះមេដាយមាស ១២ ប្រាក់ ៨ និងសំរឹទ្ធ ៦៕