(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថាក្រុមហ៊ុន Apple កំពុងលុបចោលទាំងស្រុងនូវគម្រោងផលិតបន្ទះឈីប 5G ដែលបានចំណាយពេលស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ហើយទំនងជាមិនគម្រោងចាប់ផ្តើមផលិតជាថ្មីនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជុំវិញមូលហេតុនៃការសម្រេចចិត្តបោះបង់គម្រោងផលិតបន្ទះឈីប 5G ដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារបច្ចេកវិទ្យានេះត្រូវបានប្រកាសដោយភ្លេតហ្វមអាជីវកម្មអនឡាញកួរ៉េខាងត្បូង Naver តែមិនត្រូវបានប្រភពបញ្ជាក់លម្អិតនោះទេថា បណ្តាលមកពីកត្តាអ្វីខ្លះ។ ប៉ុន្តែបើតាមប្រភពមួយចំនួនបាននិយាយថា ទំនងជាដោយសារតែកត្តារួមបញ្ចូលគ្នា រួមទាំងបញ្ហាប្រឈមផ្នែកបច្ចេកទេស ការពិចារណាលើការចំណាយ និងអាទិភាពជាយុទ្ធសាស្រ្ត។

គួរជម្រាបដែរថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ កាលពីអំឡុងខែកញ្ញាកន្លងទៅ Apple បានបន្តកិច្ចព្រមព្រៀងផលិត 5G ជាមួយនឹងក្រុមហ៊ុន Qualcomm ដោយវាមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ខណៈពេលវេលាដាក់ឱ្យប្រើប្រាស់អាចក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ តែយ៉ាងតាមរយៈការជូនដំណឹងចុងក្រោយនេះទំនងជាមិនមានវត្តមានបន្ទះឈីបផ្ទាល់ខ្លួនរបស់ Apple នោះទេ ដូច្នេះ Apple នឹងនៅតែបន្តប្រើប្រាស់បន្ទះឈីបដែលផ្គត់ផ្គង់ដោយ Qualcomm តទៅមុខទៀត៕