(ភ្នំពេញ)៖ ដោយសារតែសន្ទុះនៃការគាំទ្រ ហាក់កាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសតាមរយៈបណ្ដាញសង្គម បានធ្វើឲ្យលោក ភព «PHUP» ដែលត្រូវបានអ្នកគាំទ្រស្គាល់ថា ជាតារាចម្រៀងពន្លកថ្មី ដែលមានសំឡេងពីរោះ ផ្អែមស្រទន់មានទឹកដម និយមចូលចិត្តលេងខ្លួន និងច្រៀងតាមបែបយុវវ័យសម័យថ្មី បាននឹងកំពុងតែត្រៀមបញ្ចេញស្នាដៃថ្មី នៅក្នុងវិស័យសិល្បៈចម្រៀង សម្រាប់ស្វាគមន៍ឆ្នាំ២០២៤ ខាងមុននេះ។

ជាការពិត តាមរយៈបទចម្រៀងជាច្រើន ដែលតារាចម្រៀង ភព បានបង្ហោះចេញនៅ Youtube, Facbook, Tiktok គឺចាប់តាំងពីឆ្នាំ២០២០មក ក្នុងនោះមានបទ «និយាយដើមស្រីៗ» ដែលទទួលបានការគាំទ្រជាច្រើន ពីសំណាក់បងប្អូន ដែលនិយមលេងបណ្តាញសង្គម Tik Tok​ (1M )។ បន្ទាប់មកលោក ភព (PHUP) ក៏បានបញ្ចេញបទចម្រៀងនិពន្ធថ្មីជាបន្តរបន្ទាប់ទៀត ក្នុងនោះរួមមានបទ «Sad ហើយ, បងមិនមែនជាសាប៊ូកក់សក់, ស្អប់បងមែនអូន, មុខអូនដូចអនាគតម៉ាក់កូនបង» និងបទ «អូនគឺ THE BEST» ជាដើម។

ថ្លែងប្រាប់ Fresh News Plus តារាចម្រៀងបែបយុវវ័យសម័យថ្មី ភព បានប្រាប់ឲ្យដឹងថា «សំរាប់ឆ្នាំ២០២៤ខាងមុខនេះ លោកបាននឹងកំពុងត្រៀមបទចម្រៀងថ្មី ស្ទាយប្លែកថ្មីជាច្រើន សម្រាប់បំពេរអារម្មណ៍ហ្វេនៗអ្នកគ្រាំទ្រ ជាពិសេសដើម្បីពង្រឹង និងពង្រីកទីផ្សារសិល្បៈរបស់ខ្លួន ឲ្យកាន់តែល្អបន្ថែមទៀត»

ពាក់ព័ន្ធនឹងការងារសិល្បៈផ្សេងទៀត ជារឿយៗ តារាចម្រៀងលោក ភព (PHUP) តែងតែបង្ហាញវត្តមាននៅក្នុងកម្មវិធីកំសាន្ត ឬឆាកតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍នានា ដោយទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជន ជាពិសេសយុវវ័យ។ ជាមួយគ្នានេះដែរ បទចម្រៀងដែលបានបង្ហោះ នៅលើបណ្តាញសង្គមកន្លងមក លោកក៏ធ្លាប់បានសម្ដែងជាអ្នកសិល្បៈរៀមច្បងល្បីៗមួយចំនួន ក្នុងនោះមានដូចជាបទ «Sad ហើយ» គឺលោកសម្ដែងជាមួយលោក BIG។ បទ «ជួបគ្នានៅបាត់ដំបង» (Cover) គឺបានសម្ដែងជាមួយលោក ងួន សុបិន និងបទ «កំលោះទាំង៣» (Cover) គឺលោកសម្ដែងជាមួយលោក ងួន សុបិន និង​ DJ KAKA៕