(កូរ៉េ)៖ Disney+ បានបញ្ចេញវីដេអូខ្លីៗ នៃខ្សែភាពយន្តឯកសាររបស់ក្រុមចម្រៀង K-POP BTS ដែលមានចំណងជើងថា «BTS Monuments: Beyond The Star» ដែលនឹងបញ្ចាំងផ្តាច់មុខចាប់ពីថ្ងៃទី២០ ខែធ្នូខាងមុខតទៅ។ ការត្រៀមបញ្ចេញភាពយន្តរបស់ BTS នៅពេលនេះ គឺប្រៀបបានជាចំណងដៃសម្រាប់អ្នកគាំទ្រ មុនសមាជិកទាំងអស់ក្នុងក្រុម ចូលបំពេញកាតព្វកិច្ចយោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Deadline។

តាមរយៈស្នាដៃភាពយន្តឯកសារថ្មីនេះ ក្រុម BTS នឹងនាំទស្សនិកជនមកដឹងយ៉ាងស៊ីជម្រៅ សម្រាប់ដំណើរលើវិថីសិល្បៈរយៈពេល ១០ឆ្នាំរបស់ពួកគេ រួមមានទាំងឧបសគ្គ និងបញ្ហាប្រឈមនានា ដែលក្រុមបានជួបប្រទះ មុនឈានទៅដល់ចំណុចកំពូលនៃអាជីព។ ភាពយន្តសរុប៨ភាគនេះ ក៏នឹងមានបទសម្ភាសន៍ជាមួយសមាជិកទាំង ៧រួមមាន Jin, Suga, J-hope, RM, Jimin, V និង Jung Kook ផងដែរ។

គួរជម្រាបថា BTS គឺជាក្រុមចម្រៀងដែលលក់អាល់ប៊ុមបានច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ពោលគឺរហូតដល់ ៣០លានឈុត ហើយក៏ជាក្រុមចម្រៀងកូរ៉េដំបូង និងតែ១គត់ ដែលអាចឡើងដល់ចំណាត់ថ្នាក់លេខ១ លើតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិក តាមរយៈបទចម្រៀងជាភាសាអង់គ្លេសដូចជាបទ «Dynamite», «Butter» និងបទ «My Universe» ដែលសហការជាមួយ Coldplay ជាដើម៕