(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានបន្ដយកឈ្នះក្រុម Dynamic Herb Cebu FC របស់ហ្វីលីពីន ដោយលទ្ធផល ៤-០ ក្នុជំនួបជើងទី២ នៃពានរង្វាន់ AFC Cup 2023/24 ពូល F នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមសិង្ហក្រហម អមជាមួយកំណត់ត្រា Clean Sheet ជាមួយក្រុមលីគកំពូលហ្វីលីពីននេះ ធ្វើសម្រេចដោយកីឡាករ Shimizu Shintaro និង Yudai Ogawa ម្នាក់ ១គ្រាប់ នៅវគ្គទី១ មុនខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ រកបាន ២គ្រាប់បន្ថែមទៀត នៅវគ្គទី២ នៅនាទី៦៧ និងនាទី៧៩ ។

ជ័យជម្នះនេះដែរ នាំឲ្យក្រុមភ្នំពេញក្រោន បន្ដឈរលេខ២ ក្នុងពូល F ដោយមាន ១២ពិន្ទុស្មើក្រុម Macarthur FC របស់អូស្ដ្រាលី ខណៈនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ។ យ៉ាងណាមិញភ្នំពេញក្រោន កំពុងមានឱកាសឡើងទៅវគ្គបន្ដជាប្រវត្តិសាស្ដ្រ ប្រសិនបើពួកគេ អាចស្វែងរក ៣ពិន្ទុបន្ថែមពីការប្រកួតបញ្ចប់ពូល ជាមួយក្រុម Shan United នាថ្ងៃទី១៤ ខែធ្នូខាងមុខ នៅទឹកដីមីយ៉ាន់ម៉ា ៕