(ភ្នំពេញ)៖​ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ (ម.ធ.ត.) នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣​បានរៀបចំ «ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី៣ ដោយបានប្រារព្វធ្វេីឡេីងក្រោមអធិបតីភាពលោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ​ នឹងមានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធ, ដៃគូសហការ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

នៅក្នុង «ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» ក្រុមធុរកិច្ចថ្មីបានធ្វើបទបង្ហាញពីគំរូអាជីវកម្មរបស់ខ្លួនជូនគណៈកម្មការវាយតម្លៃ និង សាធារណ ជនដែលមានដូចជា ក្រុមហ៊ុនដៃគូ, វិនិយោគិន, ស្ថាប័នរដ្ឋ, និង ស្ថាប័នឯកជនជាដើម។

ក្រោយពីវិនិច្ឆយដាក់ពិន្ទុ, គណៈកម្មការបានសម្រេចផ្តល់ជ័យលាភីលេខ ១ ទៅកាន់ក្រុម Atelier ជាមួយប្រាក់រង្វាន់ចំនួន ៤០ លានរៀល, ជ័យលាភីលេខ ២ ទៅកាន់ក្រុម Boba ជាមួយប្រាក់រង្វាន់ចំនួន ៣០ លានរៀល និង ជ័យលាភីលេខ ៣ ទៅកាន់ក្រុម Campus ជាមួយប្រាក់រង្វាន់ចំនួន ២០ លានរៀល។ ក្រៅពីម្ចាស់ជ័យលាភីទាំង ៣ ក្រុម, គណៈកម្មការក៏បានសម្រេចចិត្តផ្ដល់រង្វាន់ “Honorable Mention” ដល់ក្រុម Kotluy និងក្រុម Insurtech ដែលជាក្រុមមានសក្ដានុពល ដោយក្រុមនីមួយៗទទួលបានប្រាក់រង្វាន់ចំនួន ១០លានរៀលផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៣ គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលត្រូវបានបង្កើតឡើង ដើម្បីឱ្យស្ថាប័នធំៗធ្វើការលើកឡើងនូវបញ្ហាប្រឈមរបស់ខ្លួនជាចំណោទបញ្ហាក្រោមប្រធានបទ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និង វិស័យពាក់ព័ន្ធនានា សម្រាប់នវានុវត្តជនស្វែងរកដំណោះស្រាយដែលអាចឆ្លើយតបទៅនឹងចំណោទបញ្ហាទាំងនោះ ប្រកបដោយប្រសិទ្ធភាព និង ភាពច្នៃប្រឌិត។ កម្មវិធីបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ធុរជន និង យុវជនជាច្រើន ដោយទទួលបានការដាក់ពាក្យស្នើសុំរហូតដល់ទៅ ៦០។

យ៉ាងណាមិញបេក្ខជនដែលមានឱកាសឈានចូលដល់វគ្គផ្តាច់ព្រ័ត្រគឺជាក្រុមធុរកិច្ចថ្មីទាំង ១០ ដែលបានឆ្លងកាត់ការសម្រាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយពួកគាត់ក៏បានទទួលនូវការបណ្តុះបណ្តាលក្នុងវគ្គជំរុំចាប់ផ្ដើម Pre-RI និង វគ្គពន្លឿនអាជីវកម្មនវានុវត្តន៍បញ្ច្រាសដែលមានរយៈពេលជាង ២០ សប្តាហ៍ ដើម្បីសម្រួចសមត្ថភាពក្នុងការបង្កើតផលិតផលគំរូ (Prototype) និង ការអភិវឌ្ឍផលិតផលគំរូរបស់ខ្លួនឱ្យក្លាយជាផលិតផល អប្បបរមា (MVP) ពេញលេញដែលអាចចាប់ផ្តើមដាក់ឱ្យដំណើរការលើទីផ្សារបាន។

នៅក្នុងឆ្នាំ២០២៣ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានធ្វើការរៀបចំកម្មវិធីពន្លឿនអាជីវកម្មចំនួន ២, កម្មវិធី Turing Hackathon ចំនួន ២ និងពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ ក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” ហើយ ម.ធ.ត. ក៏បានប្តេជ្ញាថានឹងនាំយកនូវកម្មវិធីថ្មីៗបន្ថែមទៀត ដើម្បីលើកស្ទួយនវានុវត្តភាពដែលអាចផ្តល់កាលានុវត្តភាពដល់កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក៏ដូចជាសេដ្ឋកិច្ចក្នុងប្រទេសទៀតផង។

កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ៣ ត្រូវបានរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, និងសហការរៀបចំកម្មវិធីដោយ សហគ្រិនខ្មែរ និង សមាគមធនាគារនៅកម្ពុជា។ អ្នកឧបត្ថម្ភកម្មវិធីរួមមាន៖ ធនាគារ វីង (ខេមបូឌា) ម.ក, ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ កាណាឌីយ៉ា ក.អ និង ក្រុមហ៊ុនធានារ៉ាប់រង FWD Cambodia៕