(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថាក្រុមហ៊ុន Samsung នឹងដំឡើងថ្លៃសមាសធាតុកាមេរ៉ា (CIS) របស់ខ្លួនចន្លោះពី ២៥ រហូតដល់ ៣០ភាគរយឯណោះនៅប៉ុន្មានខែខាងមុខនេះអាស្រ័យលើចំនួនមេហ្គាបៃ ឬកម្រិតភាពច្បាស់។ ខណៈការកើនឡើងតម្លៃនេះ នឹងប៉ះពាល់ដល់សមាសធាតុដែលប្រើក្នុងកាមេរ៉ាស្មាតហ្វូនដែលមានគុណភាពខ្ពស់ចាប់ពី ៣២មេហ្គាបៃឡើងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

Samsung គឺជាក្រុមហ៊ុនផលិតសមាសធាតុកាមេរ៉ា (CMOS) ដ៏ធំបំផុតមួយរបស់ពិភពលោកគិតចាប់ពីកាមេរ៉ាស្មាតហ្វូនរហូតដល់កាមេរ៉ាខ្នាតធំ។ នេះជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំមកនេះដែល Samsung កំពុងទទួលបានការបញ្ជាទិញច្រើន ខណៈការដំឡើងថ្លៃនេះក៏ដោយសារតែការសន្ទុះនៃការបញ្ជាទិញផងដែរ។

គួរជម្រាបដែរថា ការដំឡើងថ្លៃនេះត្រូវាបានគេរំពឹងថា ទំនងជាមានផលប៉ះពាល់ដល់ឧស្សាហកម្មស្មាតហ្វូនជាច្រើន ដោយសារតែក្រុមហ៊ុនផលិតផ្សេងទៀតអាចនឹងត្រូវបង្ខំឱ្យដំឡើងថ្លៃតាម Samsung ផងដែរ៕