(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Brighton & Hove Albion កីឡាករ Ansu Fati និងខ្សែការពារ Tariq Lamptey ពួកគេទាំងពីរនាក់ នឹងត្រូវអវត្តមានពីសកម្មភាពប្រកួត ក្នុងរយៈពេលយូរមួយ បន្ទាប់ពីរងរបួស កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមសម្តីអ្នកចាត់ការ Roberto De Zerbi ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

បើតាមសម្តីអ្នកចាត់ការសញ្ជាតិអ៊ីតាលី De Zebri បានប្រាប់អ្នកសារព័ត៌មានថា «Ansu និង Lamptey ពួកគេទាំងពីរនាក់បានរងរបួស ហើយយើងនិងបាត់បង់ពួកគេក្នុងរយៈពេលយូរ»

កីឡាករវ័យក្មេង Fati ជាកីឡាករស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងមកពីក្លិប FC Barcelona បានរងរបួស ក្នុងការប្រកួតតង់ទី១ នៃជ័យជំនះរបស់ ៣-១ របស់ក្លិប Brighton លើក្លិប Nottingham Forest កាលពីថ្ងៃសៅរ៍ ដែលជាជ័យជម្នះលើកទី៦ ក្នុងលីគ Premier League រដូវកាលនេះសម្រាប់ក្លិប។

Brighton បាននិងកំពុងជួបជាមួយនឹងបញ្ហា ដែលមានកីឡាករសំខាន់មួយចំនួន ត្រូវអវត្តមានពីសកម្មភាពប្រកួត ក្នុងនោះរួមទាំងកីឡាករ Kaoru Mitoma, Danny Welbeck, Solly March និងកីឡាករ Julio Enciso ផងដែរ ខណៈក្លិប Brighton កំពុងស្ថិតចំណាត់ថ្នាក់ទី៨ ក្នុងតារាងលីគកំពូលអង់គ្លេស Premier League កំពុងរកបាន ២២ពិន្ទុជាបណ្តោះអាសន្ន៕