(ភ្នំពេញ)៖ ក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី៧ នៅប្រទេសវៀតណាមហើយ ដោយដណ្ដើមបានមេដាយសរុប ២០គ្រឿង ក្នុងនោះមានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៩គ្រឿង ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា លទ្ធផលខាងលើ បានធ្វើឲ្យកម្ពុជា ឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៣៥ប្រទេស បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដែលឈរលេខ១ និងអាល់ហ្សេរី ឈរលេខ២ ។ លោកបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់កីឡាករ-កីឡាការិនី ក្នុងការប្រកួតប្រជែងដណ្ដើមមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ ។

គួរដឹងថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកឆ្នាំនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ២៧នាក់ និងចូលរួមប្រកួតលើ ២៥វិញ្ញាសាប៉ុណ្ណោះ តិចវិញ្ញាសាជាងការប្រកួត លើកទី៦ នៅកម្ពុជា កាលពីឆ្នាំ២០១៩ ។ អ្វីដែលគួរឲ្យកត់សម្គាល់ បេសកកម្មលើកនេះ សហព័ន្ធបានផ្ដល់ឱកាសដល់កីឡាករវ័យក្មេងមួយចំនួន ដែលនេះគឺជាជោគជ័យ និងជំហានថ្មីមួយទៀត សម្រាប់កីឡាវ៉ូវីណាមកម្ពុជា រក្សាបាននូវសក្ដានុពលលើឆាកអន្ដរជាតិ ៕