(ឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានឡើងទៅឈរលេខ៣ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA នៅពេលអាហ្សង់ទីន ជើងឯក World Cup 2022 ឈរកំពូលតារាង និងក្រុមជើងឯករងបារាំង ឈរលេខ២។

នេះមានន័យថា ក្រុមតោកំណាចមួយនេះ បានវិលទៅកាន់ចំណាត់ថ្នាក់លេខ៣ ដដែលវិញ ជាទីដែលពួកគេធ្លាប់ធ្វើបានកាលឆ្នាំ២០២១ ក្រោយរងជើងឯកពានរង្វាន់អឺរ៉ុប UEFA Euro 2020 បន្ទាប់ពីចាញ់អ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ។

ការឡើងចំណាត់ថ្នាក់ក្នុង FIFA’s World Ranking នាពេលនេះ បន្ទាប់ពីអង់គ្លេសធ្វើបានល្អ ក្នុងវគ្គជម្រុះ Euro 2024 ថ្មីៗនេះ តាមរយៈលេង ៨ប្រកួតប្រចាំពូល C មិនចាញ់ឡើយ ក្រៅពីឈ្នះ៦ និងស្មើ២ រួចមក ដោយស្ថិតក្រោមការបង្វឹករបស់លោក Gareth Southgate។

ជាមួយគ្នានោះដែរ ប៊ែលហ្សិកដែលធ្លាប់ឈរនៅកំពូលតារាងចំណាត់ថ្នាក់ពិភពលោក បានធ្លាក់មកឈរនៅលេខរៀងទី៤ ជាបណ្តោះអាសន្នវិញ ស្របពេលសាំបាប្រេស៊ីល អតីតជើងឯក World Cup ៥សម័យកាលច្រើនជាងគេ ធ្លាក់មកឈរនៅលេខ៥ ផងដែរ ក្រោយពេលលេងជម្រុះ World Cup 2026 បានចាញ់កូឡុំប៊ី និងអាហ្សង់ទីនរួចមក។

លោក Southgate បានថ្លែងថា «យើងនៅសល់ ២ចំណាត់ថ្នាក់ទៀត ដែលយើងចង់បាន។ តើខ្ញុំត្រូវជំរុញឱ្យឡើងដល់ចំណាត់លេខ១ មែនទេ? បាទ ជាការពិត យើងត្រូវតែខិតខំ និងយកឈ្នះគូប្រកួតបន្ទាប់ទៀត»៕