(បរទេស)៖ ទីបំផុតកម្មវិធី Samsung Internet ចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅលើ Windows PC ជាផ្លូវការហើយដែលមានសម្រាប់អ្នកប្រើប្រាស់ Windows 10 និង Windows 11។ នេះបើយោងតាមមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចំពោះអ្នកប្រើប្រាស់ស្មាតហ្វូន ឬថេប្លេតរបស់ Samsung គឺប្រាកដជាធ្លាប់បានប្រើកម្មវិធី Samsung Internet នេះរួចមកហើយ ដែលកម្មវិធីនេះកំពុងទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ Android ដោយវាមានសមត្ថភាពពិសេសទៅលើ Speed, Security និង Customization ជាដើម។

នេះជាលើកដំបូងហើយដែល Samsung ដាក់ដំឡើងកម្មវិធី Samsung Internet នៅលើ Windows តាមរយៈកំណែចុងក្រោយនេះត្រូវបានគេរំពឹងថា វានឹងនាំមកនូវបទពិសោធន៍ថ្មី ក៏ដូចជាដំណើរការរលូនដូចទៅនឹងកម្មវិធីស្វែងរក (Browser) ល្បីៗផ្សេងទៀតអ៊ីចឹង។

គួរជម្រាបដែរថា កម្មវិធី Samsung Internet ដែលជាប្រភេទ Browser ថ្មីសម្រាប់ Windows នេះត្រូវបានបង្កើតឡើងតាមរយៈ Chromium ដែលជា open-source របស់ Google ជាមួយនឹងការផ្តល់ជូននូវមុខងារ Extension និង Web Apps ដូចគ្នាទៅ Chrome ខណៈដែល Browser ទាំងពីរនេះអាចធ្វើការផ្លាស់ប្តូរពី Chrome ទៅ Samsung Internet បាន៕