(បរទេស)៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមមកថា ត្រកូល iPhone 16 ទាំង ៤ម៉ូដែលនឹងចេញមកជាមួយនឹងប៊ូតុង Action ទាំងអស់ ខណៈដែលប៊ូតុងនេះកាលពីឆ្នាំមុនមានសម្រាប់តែម៉ូដែល iPhone 15 Pro និង iPhone 15 Pro Max តែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។

ជាក់ការពិតណាស់សម្រាប់ iPhone 15 Pro និង iPhone Pro Max ទាំងពីម៉ូដែលជំនាន់មុន គឺលែងមានកន្លែងកាច់ដើម្បីបិទបើក Silent ដូចទៅនឹងស្មាតហ្វូនម៉ូដែលមុនៗទៀតហើយ ដោយ Apple បានធ្វើការជំនួសជាមួយនឹងប៊ូតុង Action ដូចនៅលើនាឡិកា Apple Watch Ultra វិញ។

ប៊ូតុង Action ថ្មីនេះនឹងជួយឱ្យការប្រើប្រាស់ប្រចាំថ្ងៃកាន់តែរហ័ស ដោយសារតែវាមានមុខងារពិសេសៗជាច្រើន ជាពិសេសនោះគឺអ្នកប្រើប្រាស់អាចចុចបើកកម្មវិធីកាមេរ៉ា, បិទបើក Silent, បិទបើក Flash LED នឹងថែមទាំងអាចកំណត់ឱ្យបើកកម្មវិធីផ្សេងៗបានថែមទៀតផង។

គួរកត់សម្គាល់ថា ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយមិនទាន់មានការបញ្ជាក់ណាមួយឡើយ ដូច្នេះមានតែរង់ចាំរហូតដល់ Apple ប្រកាសជាផ្លូវការនូវ iPhone 16 ទាំង ៤ម៉ូដែលរបស់គេតែប៉ុណ្ណោះ៕