(បរទេស)៖ ក្រុមហ៊ុន OpenAI ដែលជាមេធំរបស់ ChatGPT បានសម្រេចចិត្តពន្យាពេលការបើកដំណើការ custom GPT store របស់ខ្លួនរហូតដល់ដើមឆ្នាំ២០២៤ ឯណោះ។ ខណៈការពន្យាពេលនេះត្រូវបានគេឱ្យដឹងថា ដោយសារតែការរឿងរ៉ាងនៅក្នុងក្រុមហ៊ុនរួមទាំងការបណ្តេញ CEO លោក Sam Altman ចេញពីក្រុមហ៊ុន បុគ្គលិកស្ទើរតែពាក់កណ្តាលដាក់ពាក្យលាឈប់ នឹងអញ្ជើញ CEO មកកាន់ដំណែងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។

ជាក់ស្តែង OpenAI គ្រោងបើកដំណើរការកម្មវិធី GPT store របស់ខ្លួនជាលើកដំបូងនៅចុងខែវិច្ឆិកាកន្លងនេះ ប៉ុន្តែក្រោយកើតរឿងច្របូកច្របល់ក្នុងក្រុមហ៊ុនជាបន្តបន្ទាប់ ទើប OpenAI សម្រេចរង់ចាំបើកដំណើរការរហូតដល់ដើមឆ្នាំ២០២៤ ជំនួសវិញ។ ទាំងនេះទំនងជា OpenAI រង់ចាំឱ្យគ្រប់យ៉ាងស្ងប់ស្ងាត់ទើបបានបើកដំណើរការកម្មវិធីថ្មីរបស់ខ្លួនតែម្តង។

គួរបញ្ជាក់ដែរថា GPT store គឺជាកម្មវិធីអនឡាញដែលអនុញ្ញាតឱ្យ Developer ផលិតបញ្ញាសិប្បនិម្មិត្ត AI និងដាក់លក់កំណែ ChatGPT របស់ពួកគេបាននៅក្នុង GPT store៕