(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០២ ខែធ្នូនេះ កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករ បានសម្រុកមកទទួលសម្ភារៈត្រៀមចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ នៅមុខប្រាសាទរអង្គរវត្ត ដោយមានអ្នកចូលរួមជាង ១១,០០០នាក់។

ក្នុងឱកាសមកទទួលសម្ភារៈនោះដែរ ទាំងកីឡាករ-កីឡាការិនីខ្មែរ និងបរទេស បានសម្ដែងសេចក្ដីរីករាយជាខ្លាំង សម្រាប់ការត្រៀមចូលរួមព្រឹត្តិការណ៍កីឡាទេសចណ៍ដ៏ធំលើទឹកដីអង្គរ នៃព្រះរាជាណាចក្រកកម្ពុជា ជាពិសេសកីឡាការិនី Ira Iillinger Austria និស្សិតជនជាតិអូទ្រីស ដែលកំពុងសិក្សានៅប្រទេសសិង្ហបុរី បានភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជា ។

និស្សិតជនជាតិអូទ្រីសដដែលបន្ដថា ខ្លួនពិតជារំភើប ដែលបានធ្វើដំណើរមកកាន់ទឹកដីអង្គរ តាមអាកាសយានដ្ឋានអន្ដរជាតិថ្មី នៃខេត្តសៀមរាប ដែលមានសោភ័ណ្ណភាពស្រស់ស្អាត និងរៀបចំបានយ៉ាងល្អ ។ អ្វីដែលពិសេស បន្ទាប់ពីមកទទួលសម្ភារៈដើម្បីចូលរួមលើកដំបូង ក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ កញ្ញាកាន់តែភ្ញាក់ផ្អើល ក្រោយឃើញវត្តមានកីឡាករ-កីឡាការិនីចម្រុះជាតិសាសន៍ដ៏ច្រើនបានមកទទួលសម្ភារៈដើម្បីចូលរួមរត់ដែរ ។

តាមរយៈភាពសប្បាយរីករាយ មុននឹងព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងចាប់ផ្ដើមនេះ បានធ្វើឲ្យកញ្ញា ira villinger Austria ជាប់ចិត្តចំពោះប្រទេសកម្ពុជា ពិសេសទឹកដីអង្គរ នៃខេត្តសៀមរាប ហើយកញ្ញាបានអះអាងថា នឹងបន្ដចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍នេះជាបន្ដបន្ទាប់ទៀត នាឆ្នាំក្រោយៗ ។

គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ គឺមានវិញ្ញាសាចំនួន ៤ រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ហើយកម្មវិធីរត់នេះ នឹងមានការអញ្ជើញជាគណៈអធិបតីពីសំណាក់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ក្រៅពីផ្ដោតលើសកម្មភាពកីឡា សុខភាព និងសប្បុរសធម៌ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ សម្រាប់ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ ក៏ជាព្រឹត្តិការណ៍ដែលផ្សព្វផ្សាយ និងលើកកម្ពស់នូវការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងទំនាក់ទំនងកាទូតរវាងកម្ពុជា-ជប៉ុនផងដែរ ៕