(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ និងអន្ដរជាតិជាង ១ម៉ឺននាក់ ដែលត្រៀមចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៨ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ស្អែក នៅមុខប្រាសទអង្គរវត្ត ដែលជាអច្ឆរិយទី៨ របស់ពិភពលោក ។

នេះបើតាមការថ្លែងក្នុងពិធីពិធីពិសាភោជនីយាហារអបអរសាទរទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ ដោយមានការអញ្ជើញចូលរួមពីលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកស្រី Arimori Yuko ប្រធានអង្គការបេះដូងមាស ព្រមទាំងប្រតិភូ និងអត្តពលិកជាតិ-អន្ដរជាតិជាច្រើន នៅសណ្ឋាគារ Courtyard by Marriott នាក្រុងសៀមរាប នៅល្ងាចថ្ងៃទី០២ ខែធ្នូនេះ ។

លោកទេសរដ្ឋមន្ដ្រីបន្ដថា ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ឆ្នាំនេះ ក៏ជាការអបអរសាទរនៃខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ផងដែរ ដែលកម្ពុជា និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការដំបូង នៅឆ្នាំ១៩៥៣ ហើយ ៧០ឆ្នាំក្រោយ ពោលគឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុត ហើយមិត្តជប៉ុនក៏ជាប្រទេសមួយនាំមុខគេក្នុងការផ្តល់ជំនួយឥតសំណងដល់កម្ពុជា និងកម្ចីសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នាដែរ ឆ្នាំ២០២៣នេះ ក៏ជាខួបលើកទី២៨ នៃកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអង្គការបេះដូងមាសជប៉ុន ក្នុងការបន្តសហការរួមគ្នារៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត រហូតបានធ្វើឲ្យទិវារត់ប្រណាំងអន្តរជាតិនេះ ក្លាយជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំបំផុតនៅកម្ពុជា ដែលសរបញ្ជាក់យ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន។

លោកបណ្ឌិត ថោង ខុន បន្ដថា «ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ នៅលើទឹកដីអង្គរដ៏ល្អឯកនេះ ពិតជាបាននាំមកនូវភាពកក់ក្តៅ ភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព ជូនដល់អត្តពលិកចូលរួមរត់ប្រណាំងទាំងអស់ ដែលបានមកពីគ្រប់ទិសទីជុំវិញពិភពលោក ដោយសារកម្ពុជាបានវិវឌ្ឍន៍ខ្លួនក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតលើពិភពលោក ហើយកម្ពុជាក៏បានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមុនគេក្រោយវិបត្តិជំងឺកូវីដ-១៩ និងផ្ដល់នូវភាពកក់ក្ដៅជាទីបំផុត ក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ» ។

រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” ក្នុងទិសដៅធ្វើការអភិវឌ្ឍន៍តំបន់ប្រាសាទអង្គរ និងតំបន់ជុំវិញជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ ប្រកបដោយនិរន្តរភាព ក្នុងស្មារតីប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនាទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស”។ ម្យ៉ាងក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាល ក៏បានធ្វើការវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីអង្គរ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដើម្បីរៀបចំទីក្រុងសៀមរាប ដែលជាទីក្រុងបេតិកភណ្ឌឲ្យក្លាយជាទីក្រុងឆ្លាតវៃ “Smart City” ផងដែរ។

ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រីបន្ថែមថា «ជាមួយនឹងការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នាពេលថ្មីៗនេះ ក៏បានផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិក្នុងការធ្វើដំណើរតាមជើងហោះហើរត្រង់ផ្លូវឆ្ងាយ ដោយប្រើប្រភេទយន្តហោះយក្សមកកាន់គោលដៅទេសចរណ៍បេតិកភណ្ឌដ៏ល្បីល្បាញមួយនេះ។ យើងខ្ញុំសង្ឃឹមថានឹងមាន ជើងហោះហើរត្រង់ពីជប៉ុន និងកំណើនភ្ញៀវទេសចរជប៉ុន ក៏ដូចជាមកពីទីផ្សារធំៗជាច្រើនទៀតក្នុងតំបន់ និងពិភពលោកមកកាន់សៀមរាប-អង្គរកាន់តែច្រើនក្នុងពេលឆាប់ៗខាងមុខនេះ» ។

ចុងក្រោយលោកបណ្ឌិត ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គការបេះដូងមាសជប៉ុន ដែលបានសហការយ៉ាងស្អិតរមួតជាមួយ NOCC ក្នុងការបន្តនិរន្តរភាពរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិនេះអស់រយៈពេល ២៨ឆ្នាំកន្លងមក ដើម្បីមនុស្សធម៌ កំណើនទេសចរណ៍ និងបំផុសការចូលរួមលេងកីឡា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលសហការរៀបចំព្រឹត្តិការណ៍នេះប្រកបដោយភាពជោគជ័យជារៀងរាល់ឆ្នាំ។ លោកសង្ឃឹមថា អត្តពលិកជាតិ និងអន្តរជាតិទាំងអស់ នឹងទទួលបានភាពសប្បាយរីករាយជាមួយនឹងការរត់កម្សាន្តជុំវិញ តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ នាព្រឹកស្អែក ៕