(ប៉េកាំង)៖ ទីក្រុង Ningbo របស់ចិន នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ប្រកួតជើងឯកលើកទម្ងន់ពិភពលោក (World Weightlifting championships) នៅឆ្នាំ២០២៦ខាងមុខ បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ២០២៤ នឹងរៀបចំឡើងនៅទីក្រុង Manama ប្រទេសបារ៉ែន និងឆ្នាំ២០២៥ នឹងធ្វើឡើងនៅទីក្រុង Forde ប្រទេសណ័រវេស។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការបោះឆ្នោត ដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន ក្នុងកិច្ចប្រជុំនាទីក្រុង Doha ប្រទេសកាតា កាលពីថ្ងៃអាទិត្យថា ទីក្រុង Ningbo បានទទួលជោគជ័យ ក្នុងការទទួលបានសិទ្ធ ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ។

Ningbo ស្ថិតក្នុងខេត្តជាប់មាត់សមុទ្រ Zhejiang ភាគខាងកើតប្រទេសចិន មិនឆ្ងាយប៉ុន្មាននោះទេ ពីទីក្រុង Shanghai និងទីក្រុង Hangzhou។

ទីតាំងសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌល Ningbo Olympic Sports Center ដែលត្រូវបានកសាងឡើង ក្នុងឆ្នាំ២០០៩ ជាមួយនឹងសមត្ថភាពផ្ទុកអ្នកទស្សនា បាន ១០,០០០កៅអី។

ក្រុមប្រឹក្សាប្រតិបត្តិ IWF ក៏បានប្រកាសដែរថា ព្រឹត្តិការណ៍ IWF World Youth Championships នឹងធ្វើឡើងនៅទីក្រុង Lima ប្រទេសបេរ៉ូ ក្នុងឆ្នាំ២០២៥ និងព្រឹត្តិការណ៍ IWF World Junior Championships នឹងធ្វើឡើងនៅទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន ក្នុងឆ្នាំ២០២៥៕