(ឡុងដ៍)៖ លោក Paul Heckingbottom នឹងត្រូវបានបណ្តេញចេញពីតំណែង ជាអ្នកចាត់ការក្លិប Sheffield United ក្នុងរយៈពេល ដ៏ខ្លីខាងមុខ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

Sheffield United ដែលបានចាញ់៥-០ ក្រោមថ្វីជើងក្លិប Burnley កាលពីថ្ងៃសៅរ៍កន្លងទៅនោះ កំពុងស្ថិតនៅបាតតារាង Premier League ដោយមានត្រឹមតែ៥ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីចាញ់១១ប្រកួត ក្នុងចំណោម១៤ប្រកួតបើកឆាករបស់ពួកគេ។

ដោយត្រូវបានតែងតាំងជាអ្នកចាត់ការអចិន្ត្រៃយ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២១, លោក Heckingbottom បានដឹកនាំក្លិប Sheffield ឡើងទៅកាន់លីគកំពូលអង់គ្លេស Premier League ជាមួយនឹងការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ លីគ Championship កាលពីរដូវកាលមុន។

អតីតអ្នកចាត់ការ Chris Wilder បានស្ថិតក្នុងចំណោមបេក្ខជនឈានមុខគេ ក្នុងការបន្តតំណែង នៅឯក្លិប Sheffield។

បន្ទាប់ពីចាញ់ក្លិប Burnley, លោក Heckingbottom បានរិះគន់ក្លិប ចំពោះ «ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ជាជាងការសម្រេចចិត្តបាល់ទាត់» ដោយបានលក់កីឡាករសំខាន់ៗ កាលពីរដូវក្តៅ បន្ទាប់ពីការឡើងមកលេងនៅលីគកំពូល។

ក្លិបដែលដឹកនាំដោយបុរសវ័យ៤៦ឆ្នាំនេះ នឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្លិបចំណាត់ថ្នាក់ទី២ Liverpool នៅឯកីឡដ្ឋាន Bramall Lane នៅថ្ងៃពុធខាងមុខ៕