(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិចជប៉ុន TDK Corp ត្រៀមសាងសង់រោងចក្រថ្មីមួយនៅក្នុងប្រទេសឥណ្ឌា ក្នុងគោលបំណងផលិតថ្មលីចូម-អ៊ីយ៉ុង សម្រាប់ផ្គត់ផ្គង់ iPhone ផ្តាច់មុខតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា រោងចក្រថ្មីរបស់ក្រុមហ៊ុនជប៉ុន TDK នឹងមានទីតាំងនៅរដ្ឋ Haryana ភាគខាងជើង ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារថ្មីៗដល់ប្រជាជនឥណ្ឌាប្រមាណ ១,០០០ការងារឯណោះ។

ឥណ្ឌាកំពុងក្លាយជាទីផ្សារដ៏ពេញនិយមបំផុតនៃក្រុមហ៊ុនបច្ចេកវិទ្យាស្ទើរតែជុំវិញពិភពលោកដែលបានទៅវិនិយោគនៅទីនោះ ជាពិសេសគឺ ក្រុមហ៊ុន Apple។ ខណៈគម្រោងទៅសាងសង់រោចក្រថ្មីនៅឥណ្ឌាពីក្រុមហ៊ុន TDK នេះក៏ដោយសារតែគោរពតាមការសម្រេចចិត្តរបស់ Apple ផងដែរ ខណៈក្រុមហ៊ុនផ្គង់ផ្គង់ Apple ជាច្រើន កំពុងតែព្យាយាមចាកចេញពីទីផ្សារប្រទេសចិន នឹងទៅចាប់ផ្តើមវិនិយោគនៅឥណ្ឌា និងវៀតណាមជំនួសវិញ។

គួរជម្រាបដែរថា Apple ចាប់ផ្តើមដំឡើង iPhone របស់ខ្លួនជាលើកដំបូងក្នុងប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ តាមរយៈក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនរួមមាន Wistron និងក្រោយមកទៀតគឺ Foxconn ហើយគិតមកដល់ពេលនេះមានអ្នកផ្គត់ផ្គង់សរុបប្រមាណ ១៤មកហើយនៅក្នុងប្រទេសឥណ្ឌា៕