(ហ្សាការតា)៖ ឥណ្ឌូនេស៊ី នឹងប្រកាសពីចំណាប់អារម្មណ៍របស់ខ្លួន ចំពោះស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ក្នុងការចូលរួមរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ U-20 World Cup ឆ្នាំ២០២៥ ជាមួយសិង្ហបុរី។ នេះបើតាមសម្តីលោកប្រធានាធិបតី Joko Widodo បានលើកឡើងនៅថ្ងៃចន្ទ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

«ការប្រកាសពីចំណាប់អារម្មណ៍ ត្រូវបានចុះហត្ថលេខា ដោយសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងសមាគមបាល់ទាត់សិង្ហបុរី (FAS)» នេះបើតាមសម្តីលោកប្រធានាធិបតី បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុង Jakarta។

«ខ្ញុំជឿជាក់ថា សិង្ហបុរី និងឥណ្ឌូនេស៊ី អាចក្លាយជាម្ចាស់ផ្ទះដ៏ល្អ»។

ដោយឡែក នៅថ្ងៃចន្ទដដែល FAS បានលើកឡើងថា លិខិតបង្ហាញពីចំណាប់អារម្មណ៍ ដើម្បីធ្វើការពិភាក្សា និងពិចារណា ក្នុងការធ្វើជាសហម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ U-20 និង U-17 World Cups ជាមួយឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ២០២៥ ត្រូវបានដាក់សំណើរទៅកាន់ FIFA ហើយ។

កាលពីខែមីនា, ឥណ្ឌូនេស៊ី ត្រូវបានដកសិទ្ធក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ 2023 U-20 World Cup ដោយសារលទ្ធផល នៃការប្រឆាំងពីមន្ត្រីរដ្ឋាភិបាលមួយចំនួន ចំពោះការចូលរួមរបស់អ៊ីស្រាអែល។

​សូមជម្រាបថា ព្រឹត្តិការណ៍បាល់ទាត់ U-20 World Cup គឺធ្វើឡើង២ឆ្នាំម្តង ខណៈព្រឹត្តិការណ៍ U-17 World Cup នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៥តទៅ៕