(ភ្នំពេញ)៖ កីឡាករជើងខ្លាំងគុនល្បុក្កតោ មកពី ៥ប្រទេសរួមមានឡាវ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា នឹងត្រូវជួបតតាំងគ្នាលើសង្វៀន គុនល្បុក្កតោលក្ខណៈអាជីពកម្រិតអន្ដរជាតិ នៃព្រឹត្តិការណ៍អ្នកលេងគុន វគ្គ២ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។

លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានឲ្យដឹងថា នេះគឺជាការប្រកួតគុនល្បុក្កតោលក្ខណៈអាជីពដ៏ធំ ដែលប្រជុំដោយកីឡាករខ្លាំងៗ មកពីបណ្ដាប្រទេសសមាជិកគុនល្បុក្កតោក្នុងតំបន់ ។ មុនធ្វើដំណើរមកកាន់ទឹកដីអង្គរ កីឡាករម្នាក់ៗ សុទ្ធសឹងធ្លាប់ឈ្នះជើងឯក និងជយលាភី ក្នុងការប្រកួតគុនចម្រុះ(MMA) និងឃីកបុកស៊ីជាដើម ។

ដូច្នេះលោកបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាវេទិកាមួយដ៏អស្ចារ្យ ដែលកីឡាករទាំងអស់នោះ ត្រូវជួបគ្នាប្រយុទ្ធលើប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរ “គុនល្បុក្កតោ” ។ រីឯកីឡាករជើងខ្លាំងគុនចម្រុះដ៏ល្បីល្បាញរបស់កម្ពុជា ចាន់ រតនា ក៏នឹងបង្ហាញខ្លួនតំណាងឲ្យគុនល្បុក្កតោ ដើម្បីបង្ហាញពីគ្រប់ក្បាច់ គ្រប់ស្នៀត ដែលបុព្វបុរសខ្មែរ បានចារឆ្លាក់ លើជញ្ជាំងប្រាសាទរាប់ពាន់ឆ្នាំផងដែរ ។

សម្រាប់កម្មវិធីប្រកួតនៃព្រឹត្តិការណ៍អន្ដរជាតិនេះ គឺមានកីឡាករគុនល្បុក្កតោរបស់កម្ពុជា ៧រូប ត្រូវស្វាគមន៍កីឡាករខ្លាំងមកពីតំបន់ រួមមានកីឡាករ ចាន់ រតនា ត្រូវជួបជើងខ្លាំងហ្វីលីពីន John Mc Leary Ornido, កីឡាករ រិន សារ័តន ជួបកីឡាករឥណ្ឌូនេស៊ី Muhammad yunus dhae atu, កីឡាករ មាស រាជៈ ជួបកីឡាករឥណ្ឌូនេស៊ី SanJaya Hutagaol ។

ចំណែកកីឡាករ ណាង សុវណ្ណ ត្រូវតតាំងជាមួយកីឡាករគុនល្បុក្កតោមកពីវៀតណាម Pham Van Giang ។ កីឡាករ ស៊ូ កក្កដា ជួបកីឡាករហ្វីលីពីន Jiar Orlando Castillo ។ កីឡាករ ពេជ្រ ខាំ តៃ ជួបកីឡាករវៀតណាម Hoang Phuc Thuan និងកីឡាករ ពេជ្រ ពន្លឺ ជួបអ្នកលេងគុនល្បុក្កតោមកពីឡាវ Honggvixay sivilay ។ ការប្រកួតដ៏កម្រនេះ នឹងធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ៕