(អាមេរិក)៖ តាមការចេញផ្សាយរបស់ Daily Mail បានបង្ហាញពីវត្តមានតារាល្បីៗជាច្រើន បានជួបជុំគ្នាយ៉ាងរីករាយក្នុងកម្មវិធី «Variety Hitmakers» ដែលធ្វើឡើងដើម្បីជាការអបអរសាទរ ដល់បទចម្រៀងល្បីៗបំផុតប្រចាំឆ្នាំ។ កម្មវិធីនេះត្រូវបានគេដឹងថា ធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅទីក្រុង Los Angeles។

អ្នកត្រូវបានផ្ដល់កិត្តិយសមានដូចជាលោក Ashley Gorley (អាស្ហ្លី ហ្គលី) ទទួលបានពានអ្នកនិពន្ធចម្រៀងប្រចាំឆ្នាំ, តារាចម្រៀងស្រី Billie Eilish (ប៊ីលី អាយលីស) និងបងប្រុស FINNEAS (ហ្វីននាស) ទទួលបានពានចម្រៀងភាពយន្តប្រចាំឆ្នាំសម្រាប់បទ «What Was I Made for»។ ងាកមក Mark Ronson ទទួលពានសម្រាប់បទភ្លេងក្នុងភាពយន្ត, ក្រុម boygenius (ប៊យជីនៀស) ទទួលពានក្រុមចម្រៀងប្រចាំឆ្នាំ, ក្រុម Eslabon Armado (អេស្លាបន អាម៉ាដូ) ទទួលពានការសហការប្រចាំឆ្នាំ, សម្រាប់បទ «Ella Baila Sola» និងតារាចម្រៀងស្រី Maren Morris (ម៉ារឹន ម៉រីស) ទទួលបានពានរង្វាន់អ្នកបង្កើតការផ្លាស់ប្ដូរប្រចាំឆ្នាំ។

គួរជម្រាបថា កម្មវិធីនេះ គឺធ្វើឡើងដើម្បីផ្ដល់កិត្តិយសដល់សិល្បករ ផលិតករ និងអ្នកនិពន្ធបទចម្រៀង ដែលបានបង្កើតបទចម្រៀងទាំង ២៥បទ ដែលមានអ្នកស្ដាប់ច្រើនបំផុតប្រចាំឆ្នាំ៕