(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីសន្និសីទប្រចាំឆ្នាំ ឬ PH Conference 2023 សម្រាប់អ្នកចូលរួមដោយសេរី ក្រោមប្រធានបទ «ការរួមចំណែកជាវិជ្ជមានរបស់ឪពុកម្តាយ ចំពោះការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់កូន» ក្នុងគោលបំណងបង្កើនការយល់ដឹង អំពីផលប៉ះពាល់ផ្លូវចិត្តទាំងឪពុកម្តាយ និងកូន ហើយក៏ជាការរួមចំណែក ក្នុងការយកចិត្តទុកដាក់លើកិច្ចការសង្គម និងការគ្រប់គ្រងសុខុមាលភាព ឲ្យមានភាពល្អប្រសើរផងដែរ។

សន្និសីទ PH Conference នេះត្រូវបានរៀបចំឡើង នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅទីតាំងអគារសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្រេ្គនហល (PH Grand Hall) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានវត្តមានចូលរួមពីវាគ្មិនកិត្តិយសដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ លើសុខភាពផ្លូវចិត្តកុមារ និងជំទង់ ពីមជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO) និងអ្នកជំនាញមកពីសាលាអប់រំពិសេសក្តីសង្ឃឹមកុមារ (Hope Kids)។

សន្និសីទប្រចាំឆ្នាំ PH Conference គឺជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងទៅនឹងប្រធានបទល្អៗ ពីវាគ្មិនដែលមានជំនាញផ្សេងៗ ចូលរួមក្នុងការចែករំលែកទៅកាន់សាធារណជន ដែលនេះ គឺជាវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សង្គម ហើយក៏ជាផ្នែកមួយនៃការរួមចំណែក លើកកម្ពស់វិស័យអប់រំផងដែរ ដោយស្របតាមបង្គោលទាំង៣ នៃការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ ការអប់រំ បរិស្ថាន និងសង្គម៕