(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា ស្ថិតក្នុមលីគខេមបូឌានព្រីមៀរលីគ Cambodia Premier League បានសម្រេចប្រកាសជាផ្លូវការ អំពីការតែងតាំងលោក មាស ចាន់ណា ធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ នាថ្ងៃទី០៦ ខែធ្នូនេះ បន្ទាប់ក្លិបបានសម្រេចចែកផ្លូវគ្នាជាមួយលោក Simon Mcmenemy ដែលដឹកនាំក្រុមនេះមិនទទួលបានលទ្ធផលមិនសូវសមនប្រកប។

ក្លិបលីគកំពូលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា «សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការតែងតាំងលោក មាស ចាន់ណា ជាគ្រូបង្គោលរបស់យើង, ក្លិបរបស់យើង មានកិត្តិយសសូមប្រកាសអំពីការតែងតាំងលោក មាស ចាន់ណា អ្នកចាត់ការទូទៅក្លិបជាគ្រូបង្គោល ដើម្បីដឹកនាំក្លិបរបស់យើង ចាប់ពីពេលនេះតទៅ»

ក្លិបបន្តទៀតថា «លោក មាស ចាន់ណា បានចូលរួមជាមួយពួកយើង តាំងពីចុងឆ្នាំ២០២១ ហើយលោកបានរួមចំណែកជួយក្រុមសម្រេចសមិទ្ធផលជាច្រើន ពិសេសក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ តាងនាមគ្រួសារបាល់ទាត់ វិសាខា សូមជូនពរលោកគ្រូ ទទួលបានជោគជ័យ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជូនក្លិបបន្ថែមទៀត»

ស្ថិតក្នុងប្រជែងលីគខេមបូឌានព្រីមៀរលីគ Cambodia Premier League ឆ្នាំ២០២៣/២៤ សប្តាហ៍ទី១៣ រដូវកាលនេះ នៅប្រកួតខាងមុខ លោក មាស ចាន់ណា និងត្រូវដឹកនាំក្រុមវិសាខា ដែលកំពុងឈរលេខ៣ បើកទ្វាផ្ទះប៉ះក្រុមបឹងកេត ដែលឈរលេខ៥ ក្នុងតារាងពិន្ទុ ដែលក្រុមវិសាខា កំពុងរកបាន ២៣ពិន្ទុ ហើយគូប្រជែងបឹងកេត រកបាន ១៦ពិន្ទុបណ្តោះអាសន្ន ដែលការប្រកួតធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ៕