(បរទេស)៖ ទីបំផុតក្រុមហ៊ុន Xiaomi បានសម្រេចគោលដៅជំហ៊ានទី១ របស់ខ្លួនហើយជាមួយនឹងការចាប់ផ្តើមផលិតកម្មផលិតរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួនជាផ្លូវការនៅសប្តាហ៍មុននេះ។ ខណៈរថយន្តអគ្គិសនីដំបូងនោះមានឈ្មោះថា Xiaomi SU7 ដែលវាមានលក្ខណៈពិសេសៗជាច្រើន ហើយ Xiaomi មានគម្រោងផលិតឱ្យបានប្រមាណ ៣០០គ្រឿងក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

រថយន្តអគ្គិសនី Xiaomi SU7 ត្រូវបានផលិតជាលើកដំបូងនៅក្នុងរោងចក្ររបស់ Xiaomi ផ្ទាល់ដែលមានទីតាំងនៅឯទីក្រុង Yizhuang ប្រទេសចិន។ នេះគឺជាដំណាក់កាលផលិតសាកល្បងរបស់ Xiaomi មុនពេលការផលិតទ្រង់ទ្រាយធំចាប់ផ្តើម ហើយ Xiaomi ក៏បានអះអាងផងដែលថា រថយន្តអគ្គិសនីរបស់ខ្លួននឹងដំណើរការបានល្អ ហើយខ្លួនផ្តោតលើគុណភាព ជៀសជាងបរិមាណ។

បន្ថែមពីនេះ Xiaomi មានបំណងចាប់ផ្តើមដាក់តាំងរថយន្តអគ្គិសនីរបស់ខ្លួននៅទីតាំង Showrooms មួយចំនួន នៅទូទាំងប្រទេសចិន ដូច្នេះមានន័យថា សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិនដែលមានបំណងទិញរថយន្តអគ្គិសនីរបស់ Xiaomi គឺអាចទៅធ្វើការសាកល្បងបាន មុនពេលការដាក់លក់ជាផ្លូវការចាប់ផ្តើម។

គួរជម្រាបដែរថា Xiaomi SU7 ដែលជារថយន្តអគ្គិសនីដំបូងបង្អស់របស់ Xiaomi ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់ជាផ្លូវការនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ តែយ៉ាងណាចំពោះបច្ចេកទេស និងតម្លៃលម្អិតនៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ៕