(ឡុងដ៍)៖ អ្នកចាំទីក្លិបសារិកាព្រៃ Newcastle United កីឡាករ Nick Pope បានចាកចេញពីទីលាន ជាមួយនឹងរបួសស្មា ក្នុងការប្រកួតនាសប្តាហ៍មុន ដោយឈ្នះ ១-០ លើគូប្រជែង Manchester United ហើយអាចនឹងអវត្តមានចាប់ពី ៤ខែឡើងទៅផងដែរ។ នេះបើតាមសម្តីអ្នកចាត់ការទូទៅលោក Eddie Howe ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

Pope វ័យ ៣១ឆ្នាំ បានចាប់ផ្តើមគ្រប់ការប្រកួតទាំងអស់ក្នុងលីគ Premier League និង Champions League សម្រាប់ក្លិប Newcastle ក្នុងរដូវកាលនេះ ប៉ុន្តែបញ្ហារបួសនាពេលនេះ នឹងត្រូវឱ្យលោកអវត្តមាននាពេលខាងមុខ។

ការអវត្តមានរបស់ Pope នឹងត្រូវបានគេមើលឃើញថា កីឡាករ Martin Dubravka ទទួលបានឱកាសរបស់លោក។ អ្នកចាំទីសញ្ជាតិស្លូវ៉ាគីរូបនេះបានជំនួស Pope សម្រាប់ការប្រកួតនាទីចុងក្រោយ នៃការប្រកួតជាមួយក្លិប Man United ហើយលោកមានឱកាសតែ ១លើកប៉ុណ្ណោះក្នុងរដូវកាលនេះ ក្នុងការប្រកួតទល់នឹងបិសាចក្រហម ក្នុងក្របខណ្ឌ League Cup។

សូមជម្រាបថា Newcastle កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងតារាង Premier League ដោយមាន ២៦ពិន្ទុ និងដាច់ ១០ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ស្របពេលដែល Everton ស្ថិតនៅចំណាត់ថ្នាក់ទី៣ រាប់ពីបាតតារាងមកវិញ ដោយមានត្រឹមតែ ៧ពិន្ទុ បន្ទាប់ពីការកាត់ ១០ពិន្ទុរបស់ពួកគេ ពីបទបំពានច្បាប់និរន្តរភាពហិរញ្ញវត្ថុ៕