(បរទេស)៖ ថ្មីៗនេះសេវាកម្មស្រ្ទីមវីដេអូរបស់អាមេរិក Twitch ដែលជាអង្គភាពបុត្រសម្ព័ន្ធរបស់ Amazon បានឱ្យដឹងថា ខ្លួននឹងបិទប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ក្រោមមូលហេតុការចំណាយខ្ពស់ និងតម្លៃ Network ថ្លៃពេក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមប្រសាសន៍របស់នាយកប្រតិបត្តិ (CEO) លោក Dan Clancy បាននិយាយថា «ប៉ុន្មានឆ្នាំចុងក្រោយនេះប្រតិបត្តិការរបស់ Twitch នៅក្នុងកូរ៉េខាងត្បូងមានតែខាតបង់ នឹងគ្មានផលចំណេញ ហើយក្រុមហ៊ុនមើលមិនឃើញផ្លូវដែលអាចបន្តអាជីវកម្មប្រកបដោយនិរន្តរភាពនៅទីនោះបានទេ»

លោក Dan Clancy បានឱ្យដឹងទៀតថា ការប្រើប្រាស់ Network នៅកូរ៉េខាងត្បូងមានតម្លៃថ្លៃជាង ១០ដងបើធៀបទៅនឹងការប្រើប្រាស់ Network ដូចគ្នានៅតាមបណ្តាលប្រទេសដទៃទៀត។ យ៉ាងណាមិញមុននឹងឈានដល់ការបិទប្រតិបត្តិការនេះក្រុមហ៊ុនមេ Amazon បានរិះរកគ្រប់វិធីសាស្រ្តហើយ រួមទាំងបញ្ឈប់បុគ្គលិកខ្ទង់ ៤០០នាក់កាលពីខែមីនា ដើម្បីកាត់បន្ថយចំណាយ ប៉ុន្តែបញ្ហានេះមិនបានធូរស្រាលទាល់តែសោះ ទើបក្រុមហ៊ុនសម្រេចបិទប្រតិបត្តិការចោលក្នុងប្រទេសកូរ៉េខាងត្បូងតែម្តង។

គូរជម្រាបដែរថា អង្គភាព Twitch របស់ Amazon គឺជាសេវាកម្ម Streaming របស់អាមេរិកដែលផ្តោតសំខាន់លើការស្ទ្រីមវីដេអូហ្គេម រួមទាំងការស្ទ្រីម Broadcasts នៃការប្រកួតកីឡាអេឡិចត្រូនិច «Esports» ថែមទាំងស្ទ្រីមតន្ត្រី និងមាតិកាជាច្រើនផ្សេងទៀតផងដែរ៕