(បាសេឡូណា)៖ អ្នកចាំទីក្លិបអ្នកមានបុណ្យ Barcelona និងក្រុមជម្រើសជាតិអាល្លឺម៉ង់ Marc Andre ter Stegen នឹងទទួលការវះកាត់ខ្នង។ នេះបើតាមកីឡាករវ័យ ៣១ឆ្នាំបានលើកឡើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

Ter Stegen បានខកខានការប្រកួតនាពេលថ្មីៗនេះរបស់ Barca បន្ទាប់ពីត្រូវបានដកឈ្មោះចេញពីការប្រកួតមិត្តភាពអន្តរជាតិរបស់អាល្លឺម៉ង់ ក្រោយរងរបួសក្នុងពេលហ្វឹកហាត់ជាមួយជម្រើសជាតិកាលពីខែមុន។

​Barcelona មិនបានបង្ហាញពីពេលវេលានៃការវិលត្រឡប់មកវិញរបស់ Ter Stegen នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចេញផ្សាយថា Ter Stegen អាចអវត្តមានជាច្រើនសប្តាហ៍ ហើយអាចនឹងខកខានការប្រកួត Champions League នៅខែកុម្ភៈខាងមុខផងដែរ។

អតីតអ្នកចាំទីក្លិប Borussia Moenchengladbach រូបនេះ បានបង្ហាញខ្លួន ១៧ប្រកួតសម្រាប់ក្លិប Barcelona ក្នុងរដូវកាលនេះ ដោយរក្សាសំណាញ់ទីចំនួន ៨ប្រកួតផងដែរ។

លោកបានទទួលពានរង្វាន់ Zamora Trophy កាលពីរដូវកាលមុន ជាអ្នកចាំទីល្អជាងគេបំផុត​ក្នុងលីគ La Liga ដោយរបូតគ្រាប់បាល់ត្រឹមតែ ១៨គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៣៧ប្រកួត ដោយជួយ Barca ឈ្នះពានរង្វាន់លីគជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ មក៕