(ញូវយ៉ក)៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន Lionel Messi ត្រូវបានបោះឆ្នោតជាប់ជាអត្តពលិកឆ្នើមប្រចាំឆ្នាំ២០២៣ របស់ទស្សនាវដ្តីសហរដ្ឋអាមេរិក Time បន្ទាប់ពីឈ្នះពានរង្វាន់ Ballon d'Or ជាលើកទី៨ និងការលើកកម្ពស់កីឡាបាល់ទាត់នៅសហរដ្ឋអាមេរិក ជាមួយនឹងការផ្លាស់ទៅលេងនៅក្លិប Inter Miami FC។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

Messi បានលេងជាកីឡាករសំខាន់ ក្នុងការជួយអាហ្សង់ទីនដណ្តើមបានពានរង្វាន់ World Cup ជាលើកដំបូង ក្នុងរយៈពេល ៣៦ឆ្នាំ នៅពេលដែលពួកគេបានយកឈ្នះ លើក្រុមការពារពានរង្វាន់ជើងឯកមាន់គកបារាំងវគ្គផ្តាច់ព្រ័ត្រកាលពីខែធ្នូឆ្នាំមុន។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានចាកចេញពីក្លិប Paris St. Germain កាលពីដើមឆ្នាំនេះ ដោយបានជ្រើសរើសការចុះកិច្ចសន្យាលេងឱ្យក្លិប Inter Miami នៅលីគកំពូលអាមេរិក Major League Soccer បើទោះបីជាមានព័ត៌មានថា ផ្លាស់ទៅលេងនៅអតីតក្លិបរបស់លោក Barcelona និងការផ្ទេរទៅលេងនៅក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal ជាមួយនឹងតម្លៃខ្លួនដ៏ខ្ពស់ក៏ដោយ។

Messi បានធ្វើឲ្យ Miami មានទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល ដោយការស៊ុតបាល់បញ្ចូលទីបាន ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ៧ប្រកួតក្នុងលីគ League Cup។

​ការទៅដល់អាមេរិករបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការប្រកួត និងការទិញសំបុត្រចូលទស្សនា ដើម្បីមើលរូបលោកប្រកួតជាមួយនឹងអ្នកគាំទ្រ ក៏បានទិញអាវយឺតផ្លូវការពណ៌ផ្កាឈូករបស់ Inter Miami ផងដែរ៕