(ភ្នំពេញ)៖ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានសម្ពោធប្រកាសឈ្មោះជាផ្លូវការ នូវទីតាំងពាណិជ្ជកម្មចម្រុះថ្មីមួយ នៅក្នុងតំបន់ ISI PARK វេង ស្រេង​ ស្ថិតនៅតាមបណ្តោយផ្លូវវេង ស្រេង ។

ទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង ត្រូវបានវិនិយោគដោយក្រុមហ៊ុន ISI GROUP និងក្រុមហ៊ុនអឺបេនលែន ដើម្បីផ្តល់ នូវភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម និងការរស់នៅប្រកបដោយភាពទាន់សម័យ ស័ក្តិសមបំផុត សម្រាប់អ្នករស់នៅក្នុងតំបន់វេងស្រេង។

ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ISI PARK Media Night ដើម្បីចែករំលែកនូវចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង លោក កាំង ទ្បេង អគ្គនាយក នៃ ISI GROUP បានមានប្រសាសន៍ថា ដំណើររបស់ ISI GROUP បានចាប់ផ្តើមតាំងពីជាង២៥ ឆ្នាំមុនមកម៉្លេះ ដែលស្ថាបនិកដ៏ឆ្នើម គឺលោកឧកញ៉ា កាំង ម៉េងហ៊ុយ និងលោកស្រី ឃុន ហៀង បានបង្កើតក្រុមហ៊ុន ដែលពីដំបូងទ្បើយ មានឈ្មោះថា International Steel Industrial ហើយសព្វថ្ងៃត្រូវបានស្គាល់ថាជាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ។

លោកបានបន្ថែមថា «ISI PARK ជាផ្នែកដ៏សំខាន់មួយនៃដំណើររបស់យើង និងជាទិសដៅអភិវឌ្ឍន៍មួយសម្រាប់តំបន់ទីក្រុងនៅកម្ពុជា។ យើងជឿជាក់ថា ការបន្តធ្វើឲ្យតំបន់នេះកាន់តែមានភាពរស់រវើកនឹងជួយជំរុញភាពរីកចម្រើនកាន់តែយូរអង្វែង ទាក់ទាញការវិនិយោគកាន់តែច្រើន និងលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍ជុំវិញតំបន់នេះ»

កាលពី២៥ ឆ្នាំមុន តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង មួយនេះ ធ្លាប់ជាវាលស្រែល្វឹងល្វើយដែលស្ថិតមួយនៅជាយនៃទីក្រុងភ្នំពេញ។ ប៉ុន្តែក្នុងរយៈពេលជាង១០ ឆ្នាំក្រោយមក តំបន់នេះបានប្រែក្លាយទៅជាតំបន់ឧស្សាហកម្ម ហើយភាគច្រើនត្រូវគេស្គាល់ថា «តំបន់ដំបូលខៀវ» ដែលសម្បូរទៅដោយរោងចក្រ និងអគារស្នាក់នៅរបស់បុគ្គលិករោងចក្រនៅក្នុងតំបន់នោះ។

ក្រោយមកស្របតាមគម្រោងប្លង់មេ និង ចក្ខុវិស័យរបស់ក្រុមហ៊ុនអឺបេនលែន តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង បានវិវត្តខ្លួនពីតំបន់ឧស្សាហកម្មទៅជាតំបន់ពាណិជ្ជកម្មចម្រុះ ជាមួយហេដ្ឋារចនាសម្ព័ន្ធ ផ្សារទំនើប និងអគារពាណិជកម្ម ដែលជាទីតាំងគោលនៃបណ្តុំសេវាកម្មផ្សេងៗ ដើម្បីផ្តល់ជូននូវភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម និងការរស់នៅប្រកបដោយភាពទាន់សម័យ ស័ក្តិសមបំផុតសម្រាប់អ្នករស់នៅ។

ដំណាក់កាលដំបូងនៃការអភិវឌ្ឍតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង បាននាំមកនូវការកែប្រែមុខមាត់ថ្មីមួយនៅក្នុងតំបន់នេះ ដោយមិនត្រឹមតែផ្តល់សោភ័ណភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយលើកកម្ពស់ការរស់នៅបែបសហគមន៍ដ៏ជិតស្និទ្ធ និងរស់រវើក ផងដែរ។ គម្រោងទាំងអស់នេះ ជាស្នាដៃដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍទីក្រុងប្រកបដោយគុណភាព។

ដំណាក់កាលអភិវឌ្ឍន៍ដំបូងនៃ ISI PARK វេង ស្រេង រួមមានអគារការិយាល័យប្រណិត ISI Tower ផ្សារទំនើប ខេ ម៉ល ផ្ទះអាជីវកម្ម និងកីឡដ្ឋាន អេ អាយ អេ (AIA Staduim) ដែលជាទឹកដីនៃក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ។

ក្នុងនាមជាអ្នកអភិវឌ្ឍគម្រោងអចលទ្រព្យមួយរូប លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន បានថ្លែងថា «នៅអឺបេនលែន យើងតែងតែគិតគូរយ៉ាងហ្មត់ចត់ទៅលើការរចនា និងការបង្កើតទីតាំងដែលផ្តល់ជូននូវភាពវិជ្ជមាន និងមានអត្ថន័យមួយ ដល់ជីវិតរស់នៅរបស់អ្នកប្រើប្រាស់។ យើងប្រកាន់ខ្ជាប់នូវបេសកកម្មមួយនេះ ដោយមានការយកចិត្តទុក ដាក់ខ្ពស់បំផុតទៅលើគម្រោងទាំងអស់ ដែលយើងបានអភិវឌ្ឍ។ យើងជឿជាក់ថាយើងបានសម្រេចគោលដៅមួយនេះ ជាមួយដំណាក់កាលដំបូងនៃការអភិវឌ្ឍ ISI PARK វេង ស្រេង»

លោក កាំង ហុក បានបន្ថែមទៀតថា៖ «នេះគឺជាមោទកភាពមួយដោយបានចូលរួមជាចំណែកនៃការផ្លាស់ប្តូរមុខមាត់នៅតំបន់ វេង ស្រេង តាមរយៈគម្រោងអភិវឌ្ឍ ISI PARK វេង ស្រេង។ រូបខ្ញុំផ្ទាល់ ក៏ទន្ទឹមរង់ចាំនូវការរីកចម្រើនសំខាន់ៗផ្សេងទៀត ដែលនឹងបន្តកើតមាននៅក្នុងតំបន់នេះ នាពេលអនាគតផងដែរ»

បច្ចុប្បន្ននេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានបន្តអនុវត្តយ៉ាងសស្រាក់សស្រាំទៅលើគម្រោង ISI PARK វេង ស្រេង ដំណាក់កាលទី២ របស់ខ្លួនដោយចាប់ផ្តើមពី គម្រោងផ្ទះអាជីវកម្មចន្ទគីរី ដែលមានសក្តានុពលខ្ពស់ក្នុងការពង្រីកអាជីវកម្ម និងឱកាសក្នុងការវិនិយោគដ៏សម្បូរបែបនៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះនេះ។

ទន្ទឹមនឹងគ្នានេះ ដើម្បីបំពេញបន្ថែមនូវតម្រូវការចាំបាច់របស់សហគមន៍នៅក្នុងតំបន់ វេង ស្រេង ISI GROUP និងក្រុមហ៊ុនអឺបេនលែន ក៏កំពុងតែសិក្សាឱកាសវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗក្នុងការនាំមកជូននូវផលិតផល និងសេវាកម្មផ្នែកអប់រំ និងសុខាភិបាលបន្ថែមទៀត។

ក្នុងឱកាសសម្ពោធដាក់ដំណើរជាផ្លូវការ អគារពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេងនេះផងដែរ ក្រុមហ៊ុនអឺបេនលែន ក៏បានរៀបចំការអបអរសាទរខួបគម្រប់ ឆ្នាំរបស់ផ្សារទំនើប ខេ ម៉ល (K Mall) ដែលជាផ្សារទំនើបបែបសហគមន៍ មានប្រជាប្រិយភាពបំផុតមួយក្នុងតំបន់ វេង ស្រេង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់អាជីវកម្មទាំង ៣៦ដែលកំពុងដំណើរការនៅផ្សារទំនើប ខេ ម៉លនាពេលបច្ចុប្បន្ននេះ។

ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមរបស់លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន រួមជាមួយអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ដៃគូសហការ មិត្តអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ខេ ម៉ល បានបើកទ្វារទទួលស្វាគមន៍ អ្នករស់នៅក្នុងតំបន់ វេង ស្រេង ប្រមាណ៥០ម៉ឺននាក់ និងបម្រើសហគមន៍បុរីប្រមាណជាង២០បុរី នៅជុំវិញជាមួយនឹងសេវាកម្មផ្សេងៗជាច្រើន និងជាទីតាំងសម្រាប់ការសម្រាកលម្ហែកាយជាមួយការរៀបចំសួនធម្មជាតិ ប្រកបដោយផាសុកភាពផងដែរ។

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://urbanlandasia.com/projects/isi-park