(ភ្នំពេញ)៖ លោក ឌី សុផាន់ អ្នកជំនាញផ្នែកដែកស្មិតនៅកម្ពុជា និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនរចនាដែកស្មិត SPC បានឲ្យដឹងថា បច្ចុប្បន្ននេះវិស័យដែកស្មិតនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអតិថិជន ពិសេសកាន់តែមានតម្រូវការខ្ពស់នៅតាមភូមិគ្រឹះ និងគម្រោងបុរីធំៗ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ក្នុងឱកាសចូលរួមតាំងពិព័រណ៌ឧស្សាហកម្មសំណង់ កម្ពុជា-អន្តរជាតិ ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ - ៨ ខែធ្នូ ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលកោះពេជ្រ។

លោក ឌី សុផាន់ បានថ្លែងបន្តថា ដោយទទួលបានការគាំទ្រខ្ពស់ ទើបលោកនាំយកផលិតផលដែកស្មិតមកដាក់តាំងបង្ហាញក្នុងពិព័រណ៌នេះ ដើម្បីឱ្យអតិថិជនបានមកឃើញ និងសិក្សាស្វែងយល់បន្ថែមឱ្យបានកាន់តែច្បាស់ ពីរបស់ពិតមានស្តង់ដារត្រឹមត្រូវ និងក្បាច់រចនាយ៉ាងប្រណិត រឹងមាំ ស្រស់ស្អាតរស់រវើក។

លោកបានបន្តថា «បច្ចុប្បន្នវិស័យដែកស្មិតមានការគាំទ្រ និងពេញនិយមខ្លាំង ពិសេសនៅតាមភូមិគ្រឹះឬបុរីធំៗ»។ជាក់ស្ដែងក្រុមហ៊ុនដែកស្មិតរបស់ខ្ញុំតែម្ដង គឺទទួលបានគាំទ្រពីម្ចាស់ភូមិគ្រឹះ និងគម្រោងបុរីធំៗជាបន្ដបន្ទាប់ ហើយរាល់ការទទួលបានគម្រោងខាងលើនេះ គឺដោយសារតែក្រុមហ៊ុនខ្ញុំ មានភាពច្បាស់លាស់ ត្រឹមត្រូវ និងគោរពទៅតាមស្ដង់ដារ ដែលក្បាច់រចនាពីបញ្ចឹមប្រទេស គឺអ៊ីតាលី និងបារំាង។ លើសពីនោះយើងមានរោងចក្រផលិត និងកែច្នៃនៅក្នុងស្រុក ដែលអាចឱ្យអតិថិជនអញ្ជើញមកសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្មផ្ទាល់តែម្ដង»

អ្នកជំនាញរូបនេះក៏បានណែនាំដល់ប្រជាពលរដ្ឋ មុននឹងសម្រេចជ្រើសរើសយកផលិតផលអ្វីមួយ ត្រូវសិក្សាម៉ូតក្បាច់ និងប្លង់ឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការចាញ់បោកបញ្ឆោតពីអ្នកលក់ក្លែងបន្លំផលិតផលមិនសុទ្ធ ឬកេងចំណេញសម្ភារៈផ្សេងៗ។ លោកក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់លោកបច្ចុប្បន្ននេះ មានកិច្ចសហប្រតិបតិ្តការលើវិស័យដែកសិ្មតជាមួយប្រទេសវៀតណាម និងថៃផងដែរ៕