(ភ្នំពេញ)៖ លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ «អ្នកលេងគុន» ដែលជាការប្រកួតកីឡាគុនល្បុក្កតោលក្ខណៈអាជីពអន្ដរជាតិ នាថ្ងៃទី១៦ ខែធ្នូខាងមុខ គឺជាសេនាធិការមួយរបស់សហព័ន្ធ ដើម្បីជួយរុញក្បាច់គុនបុរាណ ដែលបន្សល់ទុករាប់ពាន់ឆ្នាំពីបុព្វបុរសខ្មែរនេះ មានការយល់ច្បាស់ពីវីរភាពរបស់គុនល្បុក្កតោ ហើយមានការទទួលស្គាល់កាន់តែទូលំទូលាយឆាកអន្ដរជាតិ ។

ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍ «អ្នកលេងគុន» វគ្គ២ នៅថ្ងៃទី០៨ ខែធ្នូនេះ ខណៈការប្រកួតនឹងចូលមកដល់នាសប្ដាហ៍ក្រោយ ដោយមានកីឡាករជើងខ្លាំងមកពី ៥ប្រទេសចូលរួមការប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្នុងនោះមានអ្នកលេងគុនល្បុក្កតោកម្ពុជា វៀតណាម ឡាវ ហ្វីលីពីន និងឥណ្ឌូនេស៊ី ។ ការប្រកួតនេះ ក៏មានលក់សំបុត្រចូលទស្សនាការប្រកួតផងដែរ ។

លោកថា សហព័ន្ធមានតួនាទីក្នុងការអភិរក្ស និងអភិវឌ្ឍន៍ ផ្សារភ្ជាប់ជាមួយការប្រកួត និងខ្លឹមសារវប្បធម៌ជាច្រើន ពាក់ព័ន្ធគុនល្បុក្កតោ ។ ប៉ុន្ដែ អ្នកលេងគុន នឹងក្លាយជាជំហានថ្មីមួយ ដើម្បីរុញគុនល្បុក្កតោឲ្យឡើងដល់មួយកម្រិតទៀត តាមរយៈការប្រកួតលក្ខណៈអាជីព ដោយប្រកាន់ភ្ជាប់ទម្រង់ប្រកួតបែបគុនល្បុក្កតោបុរាណ ។ ដូច្នេះក្នុងនាមមន្ដ្រីសហព័ន្ធ លោកបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍ខាងលើ ដើម្បីគាស់កកាយក្បាច់គុន និងស្នៀត ដែលមានចារឆ្លាស់លើជញ្ជាំងប្រាសាទ មកបង្ហាញឲ្យពិភពលោកបានឃើញ តាមរយៈការប្រកួតនាពេលខាងមុខ ។

អគ្គលេខាធិការរងសហព័ន្ធដដែលបន្ដថា «ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា រំពឹងថា អ្នកលេងគុន នឹងក្លាយជាឧបករណ៍មួយ ក្នុងការរុញទិដ្ឋន័យ និងវីរៈភាពរបស់ដូនតា មកសម័យបច្ចុប្បន្ន ប្រៀបដូចយើងឆ្លងភពពីប៉ុន្មានពាន់ឆ្នាំមុន មកសម័យបច្ចុប្បន្ន ដើម្បីបង្ហាញឲ្យឃើញគុណតម្លៃ និងភាពអស្ចារ្យ នៃក្បាច់គុនដែលបន្សល់ដោយបុព្វបុរសខ្មែររាប់ពាន់ឆ្នាំកន្លងមក ។ នេះគឺជាគោលដៅរបស់យើង ហើយយើងនឹងជំរុញទៅដល់បងប្អូន ទាំងក្នុង និងក្រៅស្រុកឲ្យមានភាពជឿជាក់ក្នុងការគាំទ្រគុនល្បុក្កតោ បន្ទាប់មកយើងបន្ដជំរុញសក្ដានុពលនេះទៅលើឆាកអន្ដរជាតិថែមទៀត»

ក្រឡេកមកចាប់អារម្មណ៍បេក្ខភាពត្រូវបានជ្រើសរើសមកប្រកួតគុនល្បុក្កតោលក្ខណៈអាជីព នាថ្ងៃទី១៦ ខែធ្នូខាងមុខវិញ ទោះបីកីឡាករ-កីឡាការិនីភាគច្រើន ធ្លាប់ឆ្លងកាត់ការប្រកួតគុនចម្រុះ ឬឃីកបុកស៊ីងជាដើម ប៉ុន្ដែជាគោលការណ៍សហព័ន្ធបានអញ្ជើញតាមរយៈសហព័ន្ធកីឡាគុនល្បុក្កតោ នៃបណ្ដាប្រទេសសមាជិក ដែលតម្រូវឲ្យពួកគេទទួលបានការបណ្ដុះបណ្ដាលគុនល្បុក្កតោត្រឹមត្រូវ ទើបអាចចូលរួមការប្រកួតនេះបាន ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ួ តារា ។

ចំពោះកម្មវិធីប្រកួតខាងលើ គឺមានកីឡាករគុនល្បុក្កតោរបស់កម្ពុជា ៧រូប ត្រូវស្វាគមន៍កីឡាករខ្លាំងមកពីតំបន់ រួមមានកីឡាករ ចាន់ រតនា ត្រូវជួបជើងខ្លាំងហ្វីលីពីន John Mc Leary Ornido, កីឡាករ រិន សារ័តន ជួបកីឡាករឥណ្ឌូនេស៊ី Muhammad yunus dhae atu, កីឡាករ មាស រាជៈ ជួបកីឡាករឥណ្ឌូនេស៊ី SanJaya Hutagaol ។

ហើយកីឡាករ ណាង សុវណ្ណ ជួបកីឡាករវៀតណាម Pham Van Giang និងកីឡាករ ស៊ូ កក្កដា ជួបកីឡាករហ្វីលីពីន Jiar Orlando Castillo ។ កីឡាករ ពេជ្រ ខាំ តៃ ជួបកីឡាករវៀតណាម Hoang Phuc Thuan និងកីឡាករ ពេជ្រ ពន្លឺ ជួបអ្នកលេងគុនល្បុក្កតោមកពីឡាវ Honggvixay sivilay៕