(បរទេស)៖ ថ្មីៗនេះ Meta Platform ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Messenger បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបច្ចេកវិទ្យាសុវត្ថិភាពថ្មី End-to-End Encryption ឬអាចហៅកាត់បានថា E2EE ដែលវាមានលក្ខណៈពិសេសអាចការពារពីការលួចចូលរបស់ពួក Hacker បាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

E2EE គឺជាបច្ចេកវិទ្យាសុវត្ថិភាពចុងក្រោយបំផុតពី Meta ហើយបានប្រើពេលសាកល្បងលើវាអស់រយៈពេលយូរឆ្នាំមកហើយ។ បច្ចេកវិទ្យាថ្មីនេះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារឯកជនភាព រួមទាំងមុខងារសុវត្ថិភាព ដែលអាចមើលឃើញការផ្ញើសារទៅវិញទៅមករវាង ឬការខលបានចំពោះតែអ្នកផ្ញើ និងអ្នកទទួលប៉ុណ្ណោះ ខណៈអ្នកផ្តល់សេវាផ្ទាល់ដូចជា Meta ឬ រដ្ឋាភិបាល និងពួក Hacker មិនចូលអានសារទាំងនោះបានទេ។

Meta បានគូសបញ្ជាក់ថា បើទោះបីជាក្នុងកាលៈទេសៈបែបណាក៏ដោយ E2EE នឹងមានសុវត្ថិភាពខ្ពស់បំផុត ទោះបីជាពួក Hacker ខ្លាំងប៉ុណ្ណាក៏ពិបាកនឹងលួចចូល ហើយអ្នកប្រើប្រាស់ទាំងអស់អាចប្រើបច្ចេកវិទ្យាថ្មីនេះដោយមានទំនុកចិត្តថាការន្ទនា គឺជាការសម្ងាត់ និងមានសុវត្ថិភាព។ ជាក់ស្តែងបច្ចេកវិទ្យាថ្មីចុងក្រោយនេះ មាននៅលើកម្មវិធីមួយចំនួនរួចទៅហើយរួមមាន WhatsApp, Signal, Telegram, Viber និងមាននៅលើការផ្ញើ Email, Cloud Storage និង Fild Transfer ជាដើម។

គួរជម្រាបដែរថា ការបើកដំណើរការ End-to-End Encryption ទាំងនៅលើ Facebook និង Messenger អាចនឹងធ្វើឱ្យបាត់នូវសារចាស់ៗទាំងស្រុង ដូច្នេះមុននឹងសម្រេចចិត្តបើកបច្ចេកវិទ្យាថ្មីនេះ ត្រូវបា្រកដថាការសន្ទនាណាដែលសំខាន់ត្រូវបានថតចម្លងទុក ដើម្បីកុំឱ្យមានការស្តាយក្រោយ៕